(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាលោកមិនបដិសេធឡើយក្នុងការគាំទ្រ កងកម្លាំងរដ្ឋាភិបាលស៊ីរីបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ប៉ុន្តែ ប្រតិបត្តិការនេះមិនមែនត្រូវធ្វើឡើងនៅពេលនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
លោក ពូទីន ថ្លែងបែបនេះនាឱកាសចូលរួមកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវ នៅក្នុងទីក្រុងប៉េកាំង។ លោក ពូទីន បញ្ជាក់ទៀតថា ទីក្រុងម៉ូស្គូ និងទីក្រុងដាម៉ាស់ នឹងបន្តប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ព្រមទាំងក្រុមប្រដាប់អាវុធខុសច្បាប់ទាំងឡាយដែល កំពុងព្យាយាមគ្រប់គ្រងខេត្ត Idlib។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានអះអាងដែរថាដោយសារតែមានវត្តមាន ជនស៊ីវិលនៅក្នុងខេត្ត Idlib ប្រតិបត្តិការយោធាទ្រង់ទ្រាយធំមិនអាចធ្វើឡើងក្នុងពេលនេះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងម៉ូស្គូ កំពុងជួយកងកម្លាំងប្រធានាធិបតីស៊ីរី បាស្សា អាល់អាសាដ ដណ្ដើមយកបានទឹកដីស្ទើតែ ទាំងស្រុង ក្នុងនោះរួមមានទាំងផ្នែកជាច្រើននៃខេត្ត Idlib ខណៈសហរដ្ឋអាមេរិកកំពុងដកកងទ័ពចេញពីប្រទេសមួយនេះ៕