(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចាប់ផ្ដើមធ្វើសង្រ្គាមពាក្យសម្ដីជាមួយ បេសកជនពិសេសអាមេរិក សម្រាប់កិច្ចការវេណេស៊ុយអេឡា លោក អ៊ែលលីយ៉ូត អាប្រាមស៍ (Elliott Abrams) ដោយអះអាងថា បេសកជនរូបនេះកំពុងចាត់ទុកខ្លួនឯង ដូចជាស្ដេចរបស់ប្រជាជនវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅឯពិធីជួបជុំជាមួយគ្រូបង្រៀន នៅក្នុងទីក្រុងការ៉ាកាស់ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា « លោក Elliott Abrams បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក តាមរយៈការចេញមុខការពារមរតករបស់លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez ជាអតីតប្រធានាធិបតីវេណេស៊ុយអេឡា) និងបានអួតទៀតថា ខ្លួនជាអ្នកគាំទ្រលោក Chavez។ ប៉ុន្តែតាមការពិតបុគ្គលរូបនេះ កំពុងបោកបញ្ឆោតប្រជាជនវេណេស៊ុយអេឡាថា ខ្លួនបាន និងកំពុងការពារមរតក របស់លោក Chavez... ដូច្នេះតើយើងអាចស្ដាប់បញ្ជាគាត់ ដែលធ្វើខ្លួនដូចសេ្ដចរបស់វេណេស៊ុយអេឡាដែរ ឬទេ?»។
គួរជម្រាបថា ប្រតិកម្មរបស់លោក ម៉ាឌូរ៉ូ កើតមានឡើងក្រោយលោក Elliott Abrams បានអំពាវនាវឱ្យអ្នកគាំទ្រ និងសមាជិកគណបក្សកាន់អំណាចសព្វថ្ងៃ របស់ប្រធានាធិបតីវេណេស៊ុយអេឡា ចុះចូលជាមួយគណបក្សប្រឆាំង ដែលដឹកនាំដោយលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) និងរៀបចំការបោះឆ្នោតជាថ្មីឡើវិញ។
ដោយឡែកនៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានសម្រេចចិត្តដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) ផងដែរ សម្រាប់ការបន្តគាំទ្រប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា ទាមទារឱ្យ ចុះចេញតំណែងរបស់គណបក្សប្រឆាំង គាំទ្រដោយទីក្រុងវ៉ាស៊ីនតោន៕