(ញូដេលី)៖ ប្រព័ន្ធ check-in ឬត្រួតពិនិត្យអ្នកដំណើររបស់អាកាសចរណ៍រដ្ឋឥណ្ឌា Air India បានដំណើរការជាប្រក្រតីវិញហើយ បន្ទាប់ពីទទួលរងការជាប់គាំងអស់ជាច្រើនម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី) ដែលបានបង្កឲ្យអ្នកដំណើររាប់ពាន់នាក់ កកស្ទះពាសពេញអាកាសយានដ្ឋានមួយចំនួន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
ការគាំងឧបករណ៍ផ្ទុកទិន្នន័យ (Server) បានកើតមានឡើងកាលពីវេលាម៉ោង ៣៖០០នាទីទៀបភ្លឺថ្ងៃសៅរ៍នេះ ដែលនាំឲ្យមានការពន្យារពេលជើងហោះហើរជាច្រើន ទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលប្រើប្រាស់សេវាកម្មរបស់អាកាសចរណ៍ Air India។ យ៉ាងណាក៏ដោយរហូតមកដល់ម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃដដែល ក្រុមហ៊ុនរដ្ឋឥណ្ឌាមួយនេះ បាន ប្រកាសថា ប្រព័ន្ធផ្ទុកទិន្នន័យបានដំណើរការ ជាធម្មតាវិញហើយ ដែលប្រការនេះក៏បានធ្វើឲ្យ ការ check-in តាមបណ្តាព្រលាន យន្តហោះនានាអាចដំណើរឡើងវិញផងដែរ។
គួរបញ្ជាក់ថា ការបញ្ហាខាងលើនេះ បានធ្វើឲ្យជើងហោះហើរនៅក្នុងស្រុកទទួលរងការ ជាប់គាំងច្រើនជាងគេ ហើយទាំងព្រឹកព្រលឹមតែម្តងគឺអ្នកដំណើរនានាបានថតរូប និងបង្ហោះលើបណ្តាញសង្គមយ៉ាងព្រោងព្រាត អំពីការកកស្ទះរបស់ពួកគេ នៅតាមអាកាសយានដ្ឋាន ដើម្បីទាមទារដំណោះស្រាយជាបន្ទាន់។ យ៉ាងណាក៏ដោយប្រតិបត្តិករនៃអកាសចរណ៍រដ្ឋឥណ្ឌា បានធ្វើការសុំទោស និងស្វះស្វែងរៀបចំតារាងនៃការហោះហើរឡើងវិញផងដែរ សម្រាប់ជើងហោះហើរ ដែលត្រូវបានពន្យារពេលនោះ៕