(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យមេដឹកនាំប្រទេសទាំងឡាយ ដែលកំពុងមានវត្តមានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវក្នុងរដ្ឋធានីប៉េកាំង រួមគ្នាប្រឆាំងនឹង គំនិត ឬនយោបាយគាំពារនិយម ហើយលោកសូមអញ្ជើញប្រទេសផ្សេងៗទៀត ឲ្យចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធសកលរបស់លោកផងដែរ។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
ការថ្លែងរបស់លោក ស៊ី ជិនពីង ខាងលើនេះធ្វើឡើងនៅចំពោះមុខបណ្តាមេដឹកនាំ មកពីប្រទេសចំនួន ៣៧ នៃទ្វីបអឺរ៉ុប, អាស៊ី និងអាមេរិកឡាទីន នៅក្នុងថ្ងៃសៅរ៍នេះតែម្តង ដែលត្រូវជាថ្ងៃចុងក្រោយ នៃវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទីពីរ (BRI) ដែលមានរយៈពេល ០៣ថ្ងៃ។ ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ នៅចំពោះមុខមេដឹកនាំ កំពូលៗពិភពលោកយ៉ាងដូច្នេះថា «យើងត្រូវការចាំបាច់នូវការកសាងសេដ្ឋកិច្ចពិភពលោក ដ៏បើកចំហមួយ និងប្រឆាំងចំពោះនយោបាយគាំពារនិយម...។ យើងត្រូវតែលើកទឹកចិត្ត ឲ្យមានការចូលរួម យ៉ាងពេញលេងពីប្រទេស និងក្រុមហ៊ុនបន្ថែមទៀត...»។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ចំពោះមុខអង្គពិធីទាំងមូលលោក ស៊ី ជិនពីង បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ជាការលើកទិសដៅកសាងបណ្តាញហេដ្ឋរចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ហើយការចូលរួមក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ បានជួយបើកចំហនូវឱកាសថ្មីសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានឈរលើគោលការណ៍ នៃភាពស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះៗ និងការអភិវឌ្ឍជារួម។
ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតផងដែរថា គោលការណ៍នៃការ ពិគ្រោះយោបល់ដ៏ទូលំទូលាយ ការរួបរួមគ្នា និងការចែករំលែកផលប្រយោជន៍ គួរតែត្រូវបាន លើកឡើង ហើយក៏ត្រូវធ្វើការបើកចំហ និងគោរពតាមវិធីសាស្ត្របៃតង និងស្អាតផងដែរ។ បន្ថែមពីនេះគ្រប់គ្នាត្រូវសម្រេចឲ្យបាននូវគោលបំណង នៃការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់ ទៅលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍដែលប្រកបដោយចីរភាពថែមទៀត។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ក៏បានធ្វើការសន្យាផងដែរក្នុងនាម ជាមេដឹកនាំនៃប្រទេសចិន ដើម្បីធ្វើការជាមួយដៃគូនៃទីក្រុងប្រកបដោយនិរន្តរភាពនានា និងការចូលរួមសម្ព័ន្ធភាពគ្នាជាលក្ខណៈអន្តរជាតិ សម្រាប់ការអភិវឌ្ឍបៃតង ស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោក ស៊ី ក៏បានលើកឡើងនៅមុននេះ ដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនជារបស់ចិនផ្តាច់មុននោះឡើយ ដោយបណ្តាប្រទេសនានានៅលើពិភពលោក ត្រូវបានស្វាគមន៍ដើម្បីកសាងអនាគតរួម៕