(កូឡុំបូ)៖ អាជ្ញារធរស្រីលង្កានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា សាកសពមនុស្ស ១៥នាក់ (ក្នុងនោះ០៦នាក់ជាកុមារ) ត្រូវបានគេរកឃើញនៅឯកន្លែងទើបមានការបាញ់តបតគ្នាមួយ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេស បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់អត្តឃាតសម្លាប់មនុស្សច្រើនជាង ២៥០នាក់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មានcin CGTN នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
ការបាញ់តបតគ្នារវាងកងកម្លាំងស្រីលង្កា និងជនសង្ស័យជាក្រុមសកម្មប្រយុទ្ធ ISIS បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងតំបន់សេនថាម៉ារូធូ (Sainthamaruthu) នៃទីក្រុងអាំផារ៉ា (Ampara) រហូតដល់ទីក្រុង បាត់ធីខាឡាវ (Batticaloa) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ជាទីតាំងមួយដែលរងការវាយប្រហារភេរវកម្ម ដោយបំផ្ទុះគ្រាប់កាលពីថ្ងៃអាទិត្យ។ ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក អ្នកនាំពាក្យ យោធាស្រីង្កាម្នាក់បានបញ្ជាក់ទៀត ក្នុងចំណោមសាកសពមនុស្សទាំង ១៥នាក់ខាងលើមានកុមារ ០៦នាក់ រួមទាំងជនសង្ស័យ ជាក្រុមសកម្មប្រយុទ្ធ ISIS ០៣នាក់ផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា ខ្លួនកំពុងតាមប្រមាញ់ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធ ISIS យ៉ាងហោចណាស់ ១៤០នាក់ ខណៈមនុស្ស ៧៦នាក់ត្រូវបានចាប់ខ្លួនជិតមួយសប្តាហ៍មកនេះ ក្នុងនោះរួមមានទាំងជនបរទេសមកពីស៊ីរី និងអេហ្ស៊ីបជាដើម។ បច្ចុប្បន្នអាជ្ញាធរស្រីលង្កាកំពុងបន្តការស៊ើបអង្កេតរកការពិតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យដូចការអះអាងរបស់ពួកគេដែរ ឬយ៉ាងណា ស្របពេលក្រុមភេរវករមួយក្នុងតំបន់ឈ្មោះថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថាជាអ្នកប្រព្រឹត្ត៕