Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការខ្វែងគំនិតគ្នាលើបញ្ហាពន្ធ កំពុងត្រូវបានដោះស្រាយរវាងលោក ត្រាំ និងលោក អាបេ ដែលកំពុងបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោន (Video inside)

27-04-2019 11:34

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាមួយចំនួនទៀត ដែលនៅមានការខ្វែងគំនិតគ្នានៅឡើយ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។

នៅមុនពេលជួបលោក អាបេ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានាថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន កំពុងស្ថិតនៅក្នុងដំណើរការ នៅឡើយ ហេតុដូច្នេះហើយទើបលោកនាយករដ្ឋមន្ត្រីជប៉ុន បង្ហាញវត្តមាននៅទីនេះ។ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ទៀតថា ប្រទេសទាំងពីរមានឱកាស ក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងរយៈពេលវែងមួយ។ ទោះជាបែបនេះក្តី មេដឹកទាំងពីរនៅតែមិនទាន់ឯកភាពគ្នានៅឡើយទេ ទៅលើបញ្ហាពន្ធ។

អតីតមហាសេដ្ឋី ដែលកំពុងកាន់តែជាប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «ប្រទេសជប៉ុនបានស្នើយកពន្ធក្នុងកម្រិតខ្ពស់មែនទែន ទៅលើទំនិញកសិកម្មរបស់យើង... ហើយយើងចង់ឲ្យមានការបន្ធូរបន្ថយពន្ធទាំងអស់នោះ...»។ ជាការឆ្លើយតបការលើកឡើង នេះលោក អាបេ បានអះអាងថា ជប៉ុនមិនបានយកពន្ធលើការនាំចូលរថយន្តអាមេរិក នោះឡើយ ខណៈដែលសហរដ្ឋអាមេរិកវិញយកពន្ធ ២.៥% លើរថយន្តជប៉ុន។ ហេតុដូច្នេះភាគីទាំងពីរត្រូវការពេលបន្ថែមទៀត ដើម្បីចរចាឈានទៅរកកិច្ចព្រមព្រៀង៕