(ទុយនីស៊ី)៖ រដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក ខេម៉ៃអ៊ែស ហ៊ីណាវអ៊ុយ (Khemaies Jhinaoui) និងរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី ដែលជាប្រទេសក្បែររបស់លីប៊ី លោក សាប្រ៊ី បួកាឌួម (Sabri Boukadoum) បានឯកភាពពីស្ថានភាពអាសន្ន និងភាពវឹកវរនៅក្នុងប្រទេសលីប៊ីនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានជម្រុញផងដែរ ឱ្យភាគីពាក់ព័ន្ធនឹងនៅក្នុងប្រទេសលីប៊ី ទាំងអស់ បញ្ឈប់ជាបន្ទាន់រាល់ការវាយប្រយុទ្ធគ្នា និងភាពឈឺចាប់ដែលប្រជាជនលីប៊ី បាននិងកំពុងជួបប្រទះអស់រយៈពេល ជាច្រើនឆ្នាំមកនេះ។ បន្ថែមពីលើនេះបើតាមលោក Jhinaoui និងលោក Sabri Boukadoum ការដោះសា្រយជម្លោះនៅក្នុងប្រទេសលីប៊ី ត្រូវតែធ្វើតាមកិច្ចសន្ទនា និងកិច្ចចរចាដោយសន្តិវិធី ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍រួមខាងលើ ធ្វើឡើងនាឱកាសដែលរដ្ឋមន្ត្រីការបរទេស អាល់ហ្សេរីលោក Sabri Boukadoum បំពេញទស្សនកិច្ចក្នុងប្រទេសទុយនីស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ។ បច្ចុប្បន្នទាំងកងកម្លាំងភាគខាងលិចលីប៊ីដែលដឹកនាំដោយ មេទ័ព ខាលីហ្វា ហាហ្វថា (khalifa haftar) និងរដ្ឋាភិបាលលីប៊ីដែលគាំទ្រដោយ UN សុទ្ធតែមិនព្រមបន្ធូរដៃដូចគ្នា ដោយកងកម្លាំងភាគលិចប្តេជ្ញាដណ្តើមទីក្រុងទ្រីប៉ូលីឲ្យបាន ខណៈរដ្ឋាភិបាលទ្រីប៉ូលិសប្តេជ្ញាទប់ទល់ឲ្យដល់ទីបំផុត។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ បានសម្លាប់ជីវិតមនុស្សប្រមាណ ២៧២នាក់, បង្កឲ្យរបួស ១,១៨២នាក់ និងធ្វើឲ្យជនស៊ីវិលជាង ៣០,០០០ផ្លាស់ទីជ្រកកោន។ ចាប់តាំងពីរបបអតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដួលរលំកាលពីឆ្នាំ២០១១មក ប្រទេសអាហ្រ្វិកខាងជើងនេះ នៅតែមិនអាចធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ពេញលេញបាននៅឡើយ ចំពោះមុខអស្ថិរភាព និងភាពវឹកវរ៕