(អាហ្រ្វិក)៖ ពេជ្រមួយដុំទំហំ១,៧៥៨ការ៉ាត់និងទម្ងន់ជិត៣៥២ក្រាម ត្រូវបានរកឃើញ នៅប្រទេសបូសវ៉ាណា (Botswana) ភាគខាងត្បូងទ្វីបអាហ្រ្វិក ដោយវាជាប់ឈ្មោះជាដុំពេជ្រមិនទាន់ច្នៃមានទំហំធំជាងគេទីពីរ ដែលត្រូវបានរកឃើញនៅលើពិភពលោកយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសកាណាដា Lucara Diamond បានជីករកឃើញប្រភេទត្បូងដ៏ធំនេះ នៅឯអណ្តូងរ៉ែ Karowe ភាគកណ្តាលបូសវ៉ាណា ដែលស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី Gaborone។ វាគឺជាដុំពេជ្រមិនទាន់ច្នៃធំជាងគេបំផុត ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ។ រីឯដុំពេជ្រដែលធំបំផុតលើលោកវិញ ឈ្មោះថា Cullinan ដែលមានទំហំ៣,១០៦ការ៉ាត់ ដោយវាត្រូវបានរកឃើញតាំងពីឆ្នាំ១៩០៥ម្ល៉េះ នៅឯប្រទេសអាហ្រ្វិកខាងត្បូង ហើយក្រោយមកត្រូវបានគេយកទៅច្នៃនិងបំពាក់នៅលើម្កុដ Crown Jewels របស់ចក្រភពអង់គ្លេស។
កាលពីខែវិច្ឆកា ឆ្នាំ២០១៥ គ្រាប់ពេជ្រដ៏ធំមួយដុំផ្សេងទៀតទំហំ១,១១១ការ៉ាត់ ដែលមានឈ្មោះ Lesedi la Ron ឬមានន័យថា «ពន្លឺរបស់យើង» ក៏ត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែខាងលើផងដែរ ហើយដុំពេជ្រនោះត្រូវគេទិញយកក្នុងតម្លៃ៥៣លានដុល្លារនៅឆ្នាំ២០១៧។ ម៉្យាងវិញទៀត មិនដល់មួយសប្តាហ៍មុនផង ក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋាភិបាលបូសវ៉ាណា Okavango Diamond ក៏បានប្រកាសពីរបកគំហើញ នៃត្បូងកណ្តៀង (ពណ៌ខៀវ) ដ៏កម្រនិងពិសេសមួយផងដែរ។
គួរជម្រាបថា ត្បូងពេជ្រនៅតែបន្តជាប្រភពចំណូលធំជាងគេ សម្រាប់សេដ្ឋកិច្ចរបស់បូសវ៉ាណា ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមការរុករកពួកវា កាលពីដើមទសវត្សរ៍៨០៕