(ស្រីលង្កា)៖ ខណៈដែលភាពភ័យខ្លាចនៃអំពើភេរវកម្ម នៅតែបន្តខ្មៅងងឹតទូទាំងប្រទេស ស្រីលង្កា និងបណ្តាប្រទេសនានាជាច្រើន បានប្រកាសណែនាំឲ្យប្រជាជនពួកគេ ផ្អាកធ្វើដំណើរមកកាន់ប្រទេសដីកោះ នៃមហាសមុទ្រឥណ្ឌាមួយនេះជាបណ្តោះអាសន្ននោះ រដ្ឋាភិបាលទីក្រុងកូឡុំបូបានប្រកាសថា ខ្លួនកំពុងតែភ័យខ្លាចបាត់បង់ចំណូលពីវិស័យទេសចរណ៍ រហូតដល់ទៅ ១.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៩នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ AFP នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាលោក មេងហ្គាឡា សាម៉ារ៉ាវៀរ៉ា (Mangala Samaraweera) បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងកូឡុំបូនៅថ្ងៃសុក្រនេះថា «វិស័យទេសចរណ៍នឹងក្លាយជាវិស័យដែលរងគ្រោះខ្លាំងជាងគេ...។ យើងរំពឹងថា ភ្ញៀវទេសចរនឹងធ្លាក់ចុះប្រមាណ ៣០% នៅក្នុងឆ្នាំ២០១៩ នេះដែលស្មើនឹងការខាតបង់ចំណូលសរុប ១.៥ពាន់លានដុល្លារ...»។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ស្រីលង្កាត្រូវការពេល ០២ឆ្នាំទើបអាចស្តារអ្វីៗឲ្យប្រសើរឡើងវិញបាន។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ អាជ្ញាធរស្រីលង្កាបានទម្លាក់តួលេខអ្នកស្លាប់ពី ៣៥៩នាក់ មកនៅត្រឹម ២៥៣នាក់ នៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសណ្ឋាគារ និងវិហារគ្រិស្ដនៅក្នុងទីក្រុងកូឡុំ និងនៅទីក្រុង បាត់ធីខាឡាវ (Batticaloa)។
ចំណែកឯមនុស្ស ៧៤នាក់ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារ កាលពីថ្ងៃអាទិត្យដូចការអះអាង របស់ពួកគេដែរ ឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕