(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បាននិយាយថា នឹងមិនអនុញ្ញាតឱ្យកងកម្លាំងបរទេសណាមួយចូលមកជួយកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយពួក ISIS ជាង១៤០នាក់ ដែលកំពុងមានសកម្មភាពនៅក្នុងប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅទីក្រុងកូឡុំបូ នៅថ្ងៃសុក្រនេះ លោក Sirisena បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានកងកម្លាំងបរទេសណាមួយ ត្រូវបានអនុញ្ញាតឱ្យឈានជើងចូលក្នុងប្រទេសស្រីលង្កានោះទេ... ប៉ុន្តែយើងនឹងទទួលជំនួយនានាពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងពួក ISIS ពីព្រោះជឿជាក់ប៉ូលិស និងកងកម្លាំងសន្តិសុខរបស់យើង មានសមត្ថភាពគ្រប់គ្រាន់កម្ចាត់ពួក ISIS ចេញពីស្រីលង្កា»។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ជាការបន្ធូរបន្ថយស្ថានភាពបច្ចុប្បន្ន ប្រធានាធិបតីរូបនេះបានលើកឡើងដោយប្រយោលថា សូម្បីតែមហាអំណាចអាមេរិក ក៏ធ្លាប់ឈឺចាប់ខ្លោចផ្សា ដោយសារការវាយប្រហារភេរវកម្មដែរ នោះគឺមហាភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ អាជ្ញាធរស្រីលង្កាបានទម្លាក់តួលេខអ្នកស្លាប់ពី ៣៥៩នាក់ មកនៅត្រឹម ២៥៣នាក់ នៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសណ្ឋាគារ និងវិហារគ្រិស្ដនៅក្នុងទីក្រុងកូឡុំ និងនៅទីក្រុង បាត់ធីខាឡាវ (Batticaloa)។
ចំណែកឯមនុស្ស ៧៤នាក់ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារ កាលពីថ្ងៃអាទិត្យដូចការអះអាង របស់ពួកគេដែរ ឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama'ath) ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕