(ញូដេលី)៖ ទោះបីជាឥណ្ឌាជាប្រទេសកំពុងតែមានសន្ទុះខ្លាំង នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ទំនើបៗ ដើម្បីប្រកួតប្រជែងនឹងបណ្តាប្រទេសធំៗនានាលើពិភពលោកក៏ដោយ តែងាកមកកាន់ផលិតផលស្មាតហ្វូនវិញនោះ ប្រទេសនេះនៅតែបន្តពឹងផ្អែកលើ ផលិតផលពីក្រៅប្រទេសច្រើនលើសលប់នៅឡើយ ដោយក្នុងនោះស្មាតហ្វូននាំចូលពី ប្រទេសចិន បានឈរនៅលំដាប់កំពូលគេ និងកំពុងក្តោបក្តាប់ទីផ្សារស្មាតហ្វូនឥណ្ឌា ប្រមាណ ៦៦%ឯណោះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
តួលេខខាងលើនេះ ត្រូវបានបញ្ចេញដោយក្រសួងពាក់ព័ន្ធរបស់ឥណ្ឌាប្រចាំត្រីមាសទី ១ នៃឆ្នាំ២០១៩ ខណៈដែលស្មាតហ្វូនផលិតនៅក្នុងស្រុករបស់ឥណ្ឌាផ្ទាល់ ហាក់មិនទាន់មានសញ្ញាថា អាចចូលរួមប្រកួតប្រជែងជាមួយកំពូលប្រទេសផលិត ស្មាតហ្វូនល្បីៗស្រាប់ដូចជា ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនោះឡើយ។ បច្ចុប្បន្នម៉ាកទូរស័ព្ទចិនដែលកំពុងល្បីល្បាញខ្លាំងនៅឥណ្ឌាមានដូចជា Vivo, Xiaomi (Realme) និង Oppo ជាដើម។
ដោយឡែក Samsung ដែលជាទូរស័ព្ទលក់ដាច់បំផុតលេខ ១ លើលោក ក៏មានចំណែកទីផ្សារធំផងដែរនៅក្នុងប្រទេសឥណ្ឌា ខណៈដែលទីផ្សាររបស់ Vivo បានកើនឡើងរហូតដល់ ១១៩% ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទីផ្សាររបស់ Oppo វិញក៏បានពង្រីកធំបន្ថែមរហូតដល់ ២៨%ផងដែរនៅរយៈពេលដូចគ្នា។
ឥណ្ឌាត្រូវបាន ក្រុមអ្នកជំនាញទីផ្សារក្នុងតំបន់អះអាងថា គឺជាទីផ្សារប្រកបដោយសក្តានុពល ខ្លាំងបំផុតសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើបធំៗលើលោក បន្ទាប់ពីទីផ្សារប្រទេសចិន ដែលឈរនៅលេខរៀង ១។
គួរបញ្ជាក់ថា បើតាមការស្ទាបស្ទង់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនឥណ្ឌា កាន់តែច្រើនមានលទ្ធភាពទិញទូរស័ព្ទដៃទំនើបៗដើម្បីប្រើប្រាស់ ហើយគោលដៅធំរបស់ ពួកគេគឺទៅលើផលិតផលស្មាតហ្វូនណា ដែលមានបំពាក់កាមេរ៉ា Selfie ល្អ មានអេក្រង់ធំ និងអាចលេងអ៊ីនធើណែតទស្សនាវីដេអូបាន ច្បាស់ ជាមួយតម្លៃថោក និងសមរម្យ ហើយអ្វីៗទាំងអស់នេះ គឺស្មាតហ្វូននាំចូលពីប្រទេសចិន អាចបំពេញបានទាំងអស់៕