Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការ NASA ទើបទម្លាយរូបថតថ្មី ដែលបង្ហាញពីបំណាក់ដីនៅភពព្រះអង្គារ (Photo inside)

26-04-2019 16:12

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីមួយសន្លឹក បង្ហាញពីទិដ្ឋភាពបំណាក់ដីនៅលើភពអង្គារ (Mars) ដែលមានពណ៌ និងសណ្ឋានគួរឲ្យចាប់អារម្មណ៍បំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​វែបសាយ Space នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

រូបភាពរបស់អង្គការ NASA បានឲ្យយើងឃើញនូវតំបន់មួយរបស់ភពអង្គារ ដែលគេហៅថា Cerberus Fossae ដោយវាត្រូវយានអវកាស Mars Reconnaissance Orbiter (MRO) ដែលបានបន្តសិក្សានៅក្បែរភពអង្គារ រហូតមកចាប់តាំងពីឆ្នាំ២០០៦ ផ្តិតយករូបភាពបានពីទីអវកាស (គន្លងគោចរជុំវិញភពអង្គារ)។

ការងារសិក្សាស្រាវជ្រាវអំពីភពក្រហមនេះ នៅតែបន្តផ្តល់ការចាប់អារម្មណ៍ជាបន្តបន្ទាប់ដល់ NASA និងបណ្តាក្រុមអ្នកស្រាវជ្រាវនៅជុំវិញពិភពលោក ដោយប៉ុន្មានថ្ងៃមុននេះ ទើបតែមានការប្រកាសឲ្យដឹងថា យានប្រភេទ Lander របស់ NASA ឈ្មោះថា InSight ទំនងជាបានស្ទាបស្ទង់ឃើញបាតុភូតរញ្ជួយដីដំបូងបំផុតរបស់ Mars ដែលហៅថា Marsquake ដែលជាហេតុធ្វើឲ្យការសិក្សាអំពីចលនាប្រែប្រួលស្រទាប់ដីនៃភពអង្គារ កាន់តែក្លាយជារឿងសំខាន់។

គួរជម្រាបថា កាលពីខែមុនវិញយានអវកាសមួយគ្រឿង របស់ទីភ្នាក់ងារអវកាសអឺរ៉ុប បានបញ្ចេញរូបភាពមួយសន្លឹកនៃស្លាកស្នាមរបស់ព្យុះខ្សាច់ ដែលមើលទៅប្រៀបដូចជាសត្វពីងពាង នៅលើផ្ទៃរបស់ភពអង្គារ។ ការរកឃើញកន្លងមក​ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក មានអំណះណាងកាន់តែច្រើន ដើម្បីគាំទ្រការសន្និដ្ឋានកន្លងមកថា ភពអង្គារកាលពីរាប់រយរាប់ពាន់លានឆ្នាំមុន អាចមានលក្ខណៈស្រដៀងភពផែនដីបច្ចុប្បន្នេះខ្លាំង ឬក៏អាចធ្លាប់មានវត្តមាននៃជីវិត នៅក្នុងទម្រង់ណាមួយផងក៏ថាបានដែរ៕