(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រ បានវាយប្រហារលើខេត្ត Surigao del Norte ស្ថិតនៅភាគខាងត្បូងប្រទេស ហ្វីលីពីននៅថ្ងៃសុក្រនេះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។ នេះបើ តាមវិទ្យាស្ថានឃ្លាំមើលភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីនដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
យោងតាមវិទ្យាស្ថានខាងលើដដែល គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ៩គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ ៧១គីឡូម៉ែត្រពីទីក្រុង Luna ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ មនុស្ស១៦នាក់បានស្លាប់ ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រវាយប្រហារ ភាគខាងជើងប្រទេសហ្វីលីពីន ខណៈកាលពីថ្ងៃអង្គារក៏មានគ្រោះរញ្ជួយដីបន្ថែមទៀតកម្រិត ៦.៥រ៉ិចទ័រវាយប្រហារដែន កោះភាគខាងត្បូងនៃប្រទេសនេះផងដែរ៕