(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នាកំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការស្រង់ម្ដីរបស់លោក គីម ជុងអ៊ុន បានគូសបញ្ជាក់នៅថ្ងៃសុក្រនេះយ៉ាងដូច្នេះថា «បច្ចុប្បន្នស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងជាប់គាំង និងស្ថិតនៅក្នុងកាលៈទេសៈ មួយដ៏សំខាន់។ ពោលគឺ វាអាចត្រឡប់ទៅរកស្ថានភាពតានតឹង ដូចពេលមុនវិញគ្រប់ពេលវេលា ខណៈសហរដ្ឋអាមេរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង នាពេលកន្លងទៅនេះ»។ លោក គីម បានបន្ថែមថា សន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យ ទំាងស្រុងលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិក នៅពេលអនាគត ប៉ុន្តែកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹង គ្រាប់ស្ថានការណ៍ ដែលអាចនឹងកើតឡើង»។

គួរបញ្ជាក់ថា ជំនួបជាលើកដំបូងបំផុតរបស់លោក ពូទីន និងលោក គីម ជុងអ៊ុន ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯសាកលវិទ្យាល័យ Far Eastern Federal University នៃកោះរ៉ាស់ស្កាយ (Russky) ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តូក (Vladivostok) ហើយនាឱកាសនោះ មេដឹកនាំទាំង ២ ក៏បានសន្យាដែរថា នឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំឡើង ខណៈប្រទេសទាំង ២ សុទ្ធតែកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕