Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចង់ឲ្យគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃ បញ្ចប់ទៅលឿនបំផុតតាមដែលអាចទៅរួច

26-04-2019 10:05

(បាងកក)៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានថ្លែងថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្ត ចំពោះដំណើរការនៃគម្រោងកសាងផ្លូវដែកល្បឿនលឿន រវាងប្រទេសថៃ និងប្រទេសចិន ហើយលោកក៏ចង់ឲ្យគម្រោងនេះ បញ្ចប់ទៅឲ្យបានលឿនបំផុត តាមដែលអាចទៅរួចផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

ការថ្លែងរបស់លោក ប្រាយុទ្ធ ចាន់អូចា ខាងលើនេះត្រូវបានធ្វើឡើង នៅចំពោះមុខអ្នក សារព័ត៌មាននានាកាលពីថ្ងៃព្រហស្បតិ៍ មុននឹងលោកត្រូវឡើងយន្តហោះធ្វើដំណើរទៅកាន់ ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) លើកទី២ ដែលប្រារព្ធឡើងនៅទីនោះ ជាមួយមេដឹកនាំប្រទេសចំនួន ៣៧ រួមទាំងភ្ញៀវកិត្តិយសមកពី បណ្តាប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិ៩០ សរុបប្រមាណ៥,០០០នាក់។

នាឱកាសនោះដែរលោក ប្រាយុទ្ធ បានបង្ហើបឲ្យដឹងថា វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ ក៏នឹងក្លាយជាពេលវេលានៃការចុះអនុស្សរណនៃកិច្ចសហប្រតិបត្តិការ (MoC) រវាងប្រទេសថៃ ឡាវ និងចិន ទៅលើការអភិវឌ្ឍផ្លូវដែករួមគ្នារវាងតំបន់ណុងខៃ (Nongkhai) ប្រទេសថៃ និងទីក្រុងវៀងច័ន្ទនៃប្រទេសឡាវផងដែរ។

បន្ថែមពីនេះលោក ប្រាយុទ្ធ បានលើកឡើងពីសុភាសិតចិនមួយថា «សាមគ្គីភាពនាំឲ្យអ្វីៗទាំងអស់សម្រេចជោគជ័យ ហើយយើងសង្ឃឹមថា គម្រោងនេះគឺក្លាយជាដំណើរដ៏ល្អប្រសើរ ដើម្បីជាឱកាសឲ្យយើង ធ្វើការសិក្សាបន្ថែមទៀតអំពីផ្លូវដែកល្បឿនលឿន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ...»