(កូឡុំបូ)៖ រដ្ឋលេខាធិការនៃក្រសួងការពារជាតិស្រីលង្កា លោក Hamasiri Fernando ទីបំផុតបាន សម្រេចលាលែងពីតួនាទីហើយ ដើម្បីជាការទទួលខុសត្រូវចំពោះករណីវាយប្រហារអត្តឃាតដ៏អាក្រក់កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
ជាមួយគ្នានេះដែរ លោក Fernando ក៏បានគូសបញ្ជាក់ដែរថា បណ្តាទីភ្នាក់ងារការពារសន្តិសុខនៃប្រទេសស្រីលង្កា បានខិតខំធ្វើការឆ្លើយតបយ៉ាងសកម្មចំពោះព័ត៌មានទាក់ទិននឹងគម្រោងនៃការវាយប្រហារ មុនពេលដែលការបំផ្ទុះគ្រាប់បែកអត្តឃាតទាំងនេះកើតឡើង។
ការគូសបញ្ជាក់ខាងលើរបស់លោក Fernando ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាក្នុងថ្ងៃដដែលនេះ បានប្រកាសទទួលស្គាល់ថា មានកំហុសឆ្គងដ៏សែនធំមួយក្នុងការទាក់ទងក៏ដូចជាចែករំលែកព័ត៌មានសម្ងាត់នេះ ដែលតាមពិតអាចឲ្យស្ថាប័នសន្តិសុខស្រីលង្កាចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ឲ្យសោកនាដកម្មដ៏អាក្រក់នេះកើតឡើងបាន ឬមួយក៏យ៉ាងហោចណាស់អាចកាត់បន្ថយហានីភ័យបានមួយកម្រិតធំដែរ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ជនសង្ស័យសរុបជាង៧០នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួននិងសាកសួរចម្លើយ ខណៈតួលេខនៃអ្នកបាត់បង់ជីវិតគឺ៣៥៩នាក់ និងរបួសជាង៥០០នាក់។ បច្ចុប្បន្នអាជ្ញាធស្រីលង្កា កំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យដូចការអះអាងរបស់ពួកគេដែរឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា National Thowheeth Jama'ath ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕