(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ អាចដោះស្រាយបាន តាមរយៈមធ្យោបាយការទូត និងដោយសន្តិវិធីតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នៅកោះរ៉ាស់ស្កាយ (Russky) ទីក្រុងវ្ល៉ាឌីវ៉ូស្តូក (Vladivostok) ស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។ បន្ថែមពីលើនេះលោក គីម ជុងអ៊ុន ក៏បានសង្កត់ធ្ងន់ដែរថា លោកហើយនិងលោក ពូទីន បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាពីមធ្យោបាយ ដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី និងការពង្រីកទំនងទំនងទ្វេភាគីរវាងប្រទេសទាំង ២ ជាមួយ ការរំពឹងថាកិច្ចចរចរបស់អ្នកទាំង ២ នឹងបន្តទៅមុខប្រកបដោយលក្ខណៈស្ថាបនា។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងទៅដល់កោះ Russky ទីក្រុង Vladivostok កាលពីថ្ងៃពុធ ហើយជំនួបរវាងលោក និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុត ក៏ដូចជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក គីម មកកាន់ ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១៕