(លីបង់)៖ រដ្ឋមន្រ្តីការពារជាតិលីបង់លោក អេលីយ៉ាស បួ សាអាប (Elias Bou Saab) បានព្រមានថា កងទ័ពអាកាសប្រទេសលីបង់ នឹងវាយប្រហារទៅលើអាកាសយានដ្ឋាន ប៊ិនហ្គួរៀន (Ben Gurion) របស់អ៊ីស្រាអែល នៅក្នុងករណីដែលជម្លោះប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តី រាយការណ៍របស់សារព័ត៌មាន អាម៉ាណា (al-Manar) របស់ក្រុម ហេបូលឡាហ៍ (Hezbollah) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច នៅតំបន់ភាគខាងត្បូងប្រទេស លោក Saab បានសន្យាច្បាស់ៗថា ប្រទេសលោកនឹងបញ្ចេញប្រតិកម្មតបត ដោយស្របទៅនឹងសកម្មយោធារបស់អ៊ីស្រាអែល ពោលគឺប្រសិនបើអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើព្រលានយន្តហោះយើង យើងច្បាស់ជានឹងទម្លាក់គ្រាប់បែកលើព្រលានយន្តហោះរបស់អ៊ីស្រាអែលវិញ ហើយបើអ៊ីស្រាអែលវាយលុកមូលដ្ឋានប្រេងយើង ពួកយើងក៏នឹងវាយលុកមូលដ្ឋានប្រេងរបស់អ៊ីស្រាអែលវិញដែរ។
កន្លងមកលោក Saab ក៏ធ្លាប់បានបង្ហាញភាពជឿជាក់ដែរថា សង្រ្គាមនឹងមិនអាចផ្ទុះឡើងឡើយរវាងប្រទេសទាំងពីរ ដោយថាយោធាលីបង់មានភាពរឹងមាំគ្រប់គ្រាន់ ដែលអាចធ្វើឲ្យអ៊ីស្រាអែលមិនសូវហ៊ាននោះឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០០៦ អ៊ីស្រាអែលធ្លាប់បានវាយប្រហារក្រុមចលនា Hezbollah របស់លីបង់ តាមរយៈការលើកទ័ពឈ្លានពានដែនគោកនៅភាគខាងត្បូងលីបង់។ ទោះជាបែបនេះក្តី អ៊ីស្រាអែលពុំដែលប្រកាសសង្រ្គាមជាមួយលីបង់ឡើយ ហើយកងទ័ព លីបង់ក៏មិនបានចូលរួមដែរក្នុងជម្លោះនេះ ដែលបានបិទបញ្ចប់ទៅដោយកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលមាន UN ជាអ្នក សម្របសម្រួល។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងមានវិវាទដែនទឹកជាមួយគ្នា ដែលកើតចេញពីធនធានប្រេង និងឧស្ម័ននៅតំបន់ឡេវ៉ាន (Levant Basin)៕