(សេអ៊ូល)៖ ក្រុមហ៊ុន LG Electronics នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា នឹងបញ្ឈប់ការផលិតទូរស័ព្ទដៃស្មាតហ្វូន នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងរើរោចក្ររបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងស្ដារផលិតកម្ម ឡើងវិញស្របពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខនឹងការថយចុះ​នៃតម្រូវការជាសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

LG គឺជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយ ដែលជាប់ចំណាប់ថ្នាក់លេខ ៣ នៅក្នុងទីផ្សារស្មាតហ្វូននៅសហរដ្ឋអាមេរិក កាលពីត្រីមាសទី ៣ នៃឆ្នាំ២០១៨។ ប៉ុន្តែ ពាណិជ្ជកម្មទូរស័ព្ទដៃស្មាតហ្វូន បានធ្វើឱ្យក្រុមហ៊ុនមួយនេះខាតបង់ប្រាប់ជាច្រើន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន LG បានបញ្ជាក់ថា ការផ្លាស់ប្ដូរផលិតកម្មនឹងជួយបង្កើន​សមត្ថភាពផលិតទូរស័ព្ទដៃស្មាតហ្វូន ប្រចាំឆ្នាំនៅក្នុងប្រទេសវៀតណាមប្រមាណ ៨៣ភាគរយ ឬ ផលិតបានទូរស័ព្ទដៃ ១១លានគ្រឿងចាប់ពីឆមាសទី ២ នៃឆ្នាំ២០១៩តទៅ។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា កម្មករ៧៥០នាក់នៅឯរោងចក្រប្រចាំប្រទេសកូរ៉េខាងត្បូង នឹងត្រូវបានផ្លាស់ប្ដូរទៅកាន់រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក ប្រើប្រាស់នៅក្នុងផ្ទះវិញ។

គួរបញ្ជាក់ថា LG ក៏មានរោងចក្រផលិតទូរស័ព្ទដៃនៅក្នុងប្រទេសចិន ប្រេស៊ីល និងឥណ្ឌាផងដែរ។ រីឯការប្រកាសប្ដូររោង ចក្រនេះទៀតសោតកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Samsung ឱ្យដឹងថា ខ្លួននឹងបិទរោងចក្រផលិតទូរស័ព្ទដៃមួយនៅក្នុង ប្រទេសចិន ហើយក្រុមហ៊ុន Sony ក៏បានប្រកាសបិទរោងចក្រផលិតទូរស័ព្ទ នៅក្នុងទីក្រុងប៉េកាំងដែរ។

ម្យ៉ាងវិញទៀត បើទោះជាក្រុមហ៊ុនទាំង ២ នេះមិនបានបញ្ជាក់ពីគម្រោងរើរោងចក្រក៏ដោយ ប៉ុន្តែអ្នកជំនាញទីផ្សារជាច្រើនយល់ថា វៀតណាមអាចនឹងក្លាយគោលដៅរបស់ពួកគេ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននិងកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគបរទេសធំៗ​ជាច្រើនក្នុងនោះរួមមានទាំងក្រុមហ៊ុនផលិតគ្រឿងបរិក្ខាយន្ដហោះ និងរថយន្តជាដើម៕