(ទ្រីប៉ូលី)៖ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលខាងលិចលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) លោក ហ្វាយ៉េស ស៊ែររ៉ាច (Fayez Serraj) នឹងមិនទទួលយកការអំពាវនាវឲ្យមានបទឈប់បាញ់គ្នាណាមួយ ជាមួយកងទ័ពលីប៊ីភាគខាងកើតនោះឡើយ ខណៈភាគីទាំងពីរកំពុងតែបន្តប្រយុទ្ធគ្នា ដើម្បីការគ្រប់គ្រងនៅរដ្ឋធានីទ្រីប៉ូលី។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
អ្នកនាំពាក្យរដ្ឋាភិបាលទ្រីប៉ូលីលោក ម៉ូហានណេដ យួនីស (Mohannad Younis) បានឲ្យដឹងដូច្នេះថា «លោកនាយករដ្ឋមន្រ្តី Serraj កំពុងតែតាមដាននិងបញ្ជាការប្រយុទ្ធគ្នា ជាមួយកងទ័ពរបស់លោក Haftar ដែលជាអគ្គមេបញ្ជាការយោធាលីប៊ីភាគខាងកើត ហើយវានឹងមិនមានការចរចា ឬក៏កិច្ចសន្ទនាអ្វីទាំងអស់ រហូតទាល់តែក្រុមអ្នកឈ្លានពានទាំងនោះ ត្រូវវាយបណ្តេញទៅវិញ។ លោក Serraj មិនទទួលយកដាច់ខាតនូវសំណើ ឬក៏ការចង់ឲ្យមានបទឈប់បាញ់»។
គួរជម្រាបថា ចាប់តាំងពីដើមខែមេសានេះមក លោក Khalifa Haftar នៅភាគខាងកើត បានដឹកនាំយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយបណ្តើមយកតំបន់ភាគខាងលិចលីប៊ី ជាពិសេសនោះគឺរដ្ឋធានីលីប៊ីតែម្តង ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលោក Serraj។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ការប្រយុទ្ធគ្នារវាងភាគីទាំងពីរ បានសម្លាប់ជីវិតមនុស្សប្រមាណ ២៧២នាក់, បង្កឲ្យរបួស ១,១៨២នាក់ និងធ្វើឲ្យជនស៊ីវិលជាង ៣០,០០០ផ្លាស់ទីជ្រកកោន។ ចាប់តាំងពីរបបអតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ដួលរលំកាលពីឆ្នាំ២០១១មក ប្រទេសអាហ្រ្វិកខាងជើងនេះ នៅតែមិនអាចធ្វើអន្តរកាលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ពេញលេញបាននៅឡើយ ចំពោះមុខអស្ថិរភាព និងភាពវឹកវរ៕