(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា អតីតប្រធានក្រុមហ៊ុន Nissan លោក ខាឡូស ហ្គោសន៍ (Carlos Ghosn) អាចនឹងត្រូវបានដោះលែងជាលើកទី ២ បន្ទាប់ពីតុលាការក្នុងទីក្រុងតូក្យូ យល់ព្រមទទួលយកប្រាក់តម្កល់នៅក្រៅឃុំ ៤.៥លានដុល្លារ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
អាជ្ញាធរជប៉ុនបានចាប់ខ្លួនលោក Carlos Ghosn ជាថ្មីកាលពីដើមខែមេសាកន្លងទៅ ក្រោយលោកត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីខែមីនា។ អតីតប្រធានក្រុមហ៊ុន Nissan រូបនេះត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាមួយមន្ត្រីជាន់ខ្ពស់ ក្រុមហ៊ុន Nissan មួយរូបទៀតគឺលោក ក្រេក ឃែលលី (Greg Kelly) ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់ហិរញ្ញវត្ថុក្រុមហ៊ុនមិនត្រឹមត្រូវ និងបិទបាំងប្រាក់ចំណូលនៃប្រាក់ខែជាង ៤៤លានដុល្លារ ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។
ទោះបីជាបែបនេះក្តី លោក Carlos Ghosn នៅតែអះអាងថាដដែលថា លោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។ កាលពីដើមខែមេសា ម្ចាស់ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្ដជប៉ុន Nissan បានសម្រេចចិត្តដកអតីតប្រធាន ក្រុមហ៊ុនរបស់ខ្លួនគឺលោក Carlos Ghosn ចេញពីក្រុមប្រឹក្សាភិបាល បន្ទាប់ពីត្រូវបានចាប់ខ្លួនជាច្រើនលើកពាក់ព័ន្ធ នឹងបទចោទប្រកាន់ប្រើប្រាស់ហិរញ្ញវត្ថុមិនត្រឹមត្រូវ។
លោក Ghosn ត្រូវបានបណ្ដេញចេញពីតំណែងជាប្រធាន ក្រុមហ៊ុន Nissan បន្ទាប់ពីអាជ្ញាធរចាប់ខ្លួនជប៉ុនចាប់ខ្លួនរូបលោកជាលើកដំបូង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿងប្រើប្រាស់ហិរញ្ញវត្ថុក្រុមហ៊ុន ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន បើទោះជាសាមីខ្លួនបដិសេធជាច្រើនដងក៏ដោយ។ លោក Carlos Ghosn មានអាយុ៦៥ឆ្នាំ បានកាន់តំណែងជាប្រធានក្រុមហ៊ុន Nissan ចាប់តាំងពីឆ្នាំ២០០០ និង ជានាយកប្រតិបត្តិពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧៕