(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បានបង្គាប់ឲ្យរដ្ឋមន្រ្តីការពារជាតិ លោក ណេម៉ាស៊ីរី ហ្វែណាន់ដូ (Hemasiri Fernando) និងមេបញ្ជាការប៉ូលិស លោក ភូជីត ហ្សាយ៉ាសាន់ដារ៉ា (Pujith Jayasundara) លាលែងចេញពីតំណែងជាបន្ទាន់ ក្រោយបរាជ័យក្នុងការទប់ស្កាត់អំពើវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ។ នេះបើតាមប្រភពពីក្រុមបុគ្គលដែលជិតស្និទ្ធនឹង លោកប្រធានាធិបតីស្រីលង្កា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារ លោក Sirisena បានប្រាប់ថា រូបលោកមិនត្រូវបានជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងលទ្ធភាពដែលអាចកើតមាន ការវាយប្រហារនៅតាមវិហារគ្រិស្តសាសនា ដែលក្រុមមន្រ្តីស្រីលង្កាទទួលបានពីប្រទេសដទៃ មុនពេលមានការបំផ្ទុះគ្រាប់បែកយ៉ាងកក្រើក កាលពីថ្ងៃអាទិត្យឡើយ។ បើតាមប្រធានសភាស្រីលង្កា លោក ឡាកស៍មែន គីរាលឡា (Lakshman Kiriella) ព័ត៌មានទាក់ទិនការអាចកើតមាន ការវាយប្រហារដោយបំផ្ទុះអត្តឃាត គឺត្រូវបានប្រគល់មកពីស្ថាប័នស៊ើបការណ៍សម្ងាត់របស់ប្រទេសឥណ្ឌា តាំងពីថ្ងៃទី០៤ ខែមេសា ហើយកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ បានធ្វើ ឡើងដោយមានប្រធានាធិបតីលោក Sirisena ជាប្រធាននៅ ០៣ថ្ងៃបន្ទាប់ ប៉ុន្តែព័ត៌មាននោះពុំត្រូវបានចែករំលែកនោះទេ។
គួរជម្រាបថា តួលេខចុងក្រោយនៃជនរងគ្រោះ នៅក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីប៉ុន្មានថ្ងៃមុន នៅប្រទេសស្រីលង្កាបានកើនដល់ ៣៥៩នាក់ និងរបួសខ្ទង់ ៥០០នាក់ ដោយក្នុងចំណោមអ្នកស្លាប់គឺមានជនបរទេស ៣៩នាក់។ រីឯជនបំផ្ទុះអត្តឃាតមាន ចំនួនសរុប ០៩នាក់ ក្នុងនោះម្នាក់ជាស្រ្តី ខណៈជនសង្ស័យជាង ៦០នាក់ហើយ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនៃការស៊ើបអង្កេត៕