(តេហេរ៉ង់)៖ គណៈកម្មាធិការនៃសភាអ៊ីរ៉ង់ ដែលកំពុងទទួលបន្ទុករៀបចំច្បាប់ ដើម្បីវាយបក​ទៅកាន់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះបានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែ​ពិចារណា និងរៀបចំចំណាត់ការជាច្រើន ក្នុងនោះក៏រួមមានការបិទច្រកទ្វារសមុទ្រ ហ័រមូស (Hormuz) ដ៏សំខាន់នៅក្នុងតំបន់ផងដែរ ប្រសិនបើរដ្ឋបាលបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ នៅតែមិនព្រមបន្ថយដៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

ការបញ្ជាក់របស់ប្រទេសអ៊ីរ៉ង់ខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសថ្មីមួយ​ពីសហរដ្ឋអាមេរិកថានឹងមិនលើកលែងឲ្យប្រទេសណាទៀតហើយ ដែលនៅតែបំពានបម្រាម​អាមេរិកក្នុងការទិញប្រេងពីប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមេសា កន្លងទៅនេះបានប្រកាសច្បាស់ៗថា ប្រទេសទាំងអស់ដែលបន្តនាំចូលប្រេងពីអ៊ីរ៉ង់ នោះនឹងក្លាយជាមុខសញ្ញានៃការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិកជាក់ជាមិនខាន។

ជុំវិញចំណាត់ការកាន់តែខ្លាំងពីអាមេរិកខាងលើនេះ លោក អាលី ហ្គោលម៉ូរ៉ាឌី (Ali Golmoradi) សមាជិកនៃគណៈកម្មាធិការថាមពល នៃសភាអ៊ីរ៉ង់បានឆ្លើយតបវិញថា «ការបោះជំហានកន្លងមករបស់សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ គឺគ្មានថ្ងៃ និងមិនអាចបង្កអ្វីដែលនឹកស្មានមិនដល់ សម្រាប់ប្រទេសអ៊ីរ៉ង់នោះឡើយ...។ យើងមាន​ជម្រើសច្រើនណាស់ ដើម្បីធ្វើការវាយបកទៅអាមេរិកវិញ ហើយយើងនឹងមិនកំណត់តែមួយ ឬក៏ពីរជម្រើសនោះឡើយ...។ យើងនឹងថ្លឹងថ្លែងជាមុននូវគុណសម្បត្តិ និងគុណវិបត្តិ... ហើយការបិទច្រកសមុទ្រ Hormuz ក៏អាចនឹងត្រូវធ្វើឡើងផងដែរ ជាការឆ្លើយតបទៅនឹង​ទណ្ឌកម្មនានារបស់អាមេរិក...»

គួរបញ្ជាក់ថា ក្រៅពីការគំរាមបិទច្រកទ្វារសមុទ្រអន្តរជាតិដ៏សំខាន់ខាងលើនេះ អ៊ីរ៉ង់ក៏ធ្លាប់​បានបញ្ជាក់កាលពីសប្តាហ៍មុននេះផងដែរថា ខ្លួនកំពុងរៀបចំដើម្បីផ្អាកការនាំចូលទំនិញ​ទាំងអស់ពីក្រុមហ៊ុនរបស់​សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងផលិតផល iPhone របស់ក្រុមហ៊ុន Apple ថែមទៀត។ អ៊ីរ៉ង់បានបញ្ជាក់ថា វាគ្មានមូលហេតុអ្វីដែល​អ៊ីរ៉ង់ត្រូវបន្តប្រើប្រាស់ផលិតផលរបស់ ប្រទេសណាមួយដែលធ្វើបាបអ៊ីរ៉ង់នោះឡើយ ហើយអ៊ីរ៉ង់អាចនាំចូលទំនិញ ពីប្រទេសផ្សេងៗទៀតមកជំនួសវិញបានដូចជា បណ្តាប្រទេសសហភាពអឺរ៉ុប ជប៉ុន ចិន និងកូរ៉េខាងត្បូងជាដើម៕