(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយថា បើសិនជាសហរដ្ឋអាមេរិកលុបចោល គម្រោងប្រគល់ យន្ដហោះចម្បាំង F-35 ឱ្យតួកគី នោះទីក្រុងអង់ការ៉ានឹងបំពេញតម្រូវការរបស់ខ្លួន តាមរយៈការស្វែងរក អ្នកផ្គត់ផ្គង់ថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
ថ្លែងតាមរយៈការស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយតួកគី លោក Mevlut Cavusoglu បានគូសបញ្ជាក់ដូច្នេះថា «ហេតុអ្វីបានជាយើងត្រូវការ S-400... ពីព្រោះយើងត្រូវការ ប្រព័ន្ធការពារដែនអាកាសមួយជាបន្ទាន់។ យើងបានចូលរួម និងចំណាយ ប្រាក់ជាច្រើនក្នុងគម្រោងអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35... ប៉ុន្តែបើមានការលុបចោល គម្រោង ប្រគល់យន្ដហោះចម្បាំងនេះឱ្យពួកយើង នោះយើងមានតែស្វែងរកអ្នកផ្គត់ផ្គង់ផ្សេង ដែលអាចផ្ដល់បចេ្ចកវិទ្យាដ៏ល្អសម្រាប់យើង»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ លោក Cavusoglu កើតមានឡើងបន្ទាប់ពី សារព័ត៌មាននៅក្នុងស្រុករាយការណ៍ថា តួកគីអាចនឹងទិញយន្ដហោះចម្បាំង Su-57 ពីរុស្ស៊ីវិញ នៅក្នុងករណីមានការលុបចោល ការផ្គត់ផ្គង់យន្ដហោះ F-35 ឱ្យទីក្រុងអង់ការ៉ា។ សហរដ្ឋអាមេរិកបានព្រមាន ជាច្រើនលើកថា ខ្លួននឹងលុបចោលការផ្គត់ផ្គង់ F-35 បើតួកគី មិនព្រមបោះបង់ចោល ការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទេនោះ៕