(កាប៊ុល)៖ របាយការណ៍មួយរបស់បេសកកម្មផ្ដល់ជំនួយ នៃអង្គការសហប្រជាជាតិ (UNAMA) បានបង្ហាញថា កងទ័ពអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលច្រើនជាងក្រុមតាលីបង់ទៅទៀត នៅក្នុងប្រតិបត្តិការយោធា របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ខាងលើដដែល ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០១៩ កងទ័ពអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្លោយសម្លាប់ជនស៊ីវិល ៣០៥នាក់ ខណៈមនុស្ស ២២៧នាក់ត្រូវបានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយជនស៊ីវិលភាគច្រើនស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស។
គួរបញ្ជាក់ថា បើតាម UNAMA កាលពីឆ្នាំ២០១៨ ជនស៊ីវិលសរុប ៣,៨០៤នាក់ បានបាត់បង់ជីវិត។ ចំណែកឯការចេញផ្សាយរបាយការណ៍របស់បេសកកម្ម កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដកកងទ័ពរបស់ខ្លួន
ជាងពាក់កណ្ដាលនៃកងទ័ព ១៤,០០០នាក់ចេញពីអាហ្វហ្គានីស្ថាន៕