(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បានថ្លែងថ្កោលចំពោះការអះអាងគ្មានមូលដ្ឋាន របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ទីក្រុងប៉េកាំងគឺជាអន្ទាក់បំណុល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
លោក Cui បានលើកឡើងដូច្នេះថា «អ្នកខ្លះបានចាត់ទុកថា គំនិតផ្តួចផ្តើមនឹងក្លាយជាបន្ទាក់បំណុល ប៉ុន្តែបណ្តាប្រទេសដែលបាន ចូលរួម និងទទួលបានអត្ថប្រយោជន៍ពី BRI គឺសុទ្ធតែធ្លាប់ច្រានចោលនូវការអះអាង ដោយគ្មានហេតុគ្មានផលបែបនេះ»។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បើកចិត្តឲ្យទូលាយ ដើម្បីទទួលយកឱកាសនានា ដែលបានមកពីគំនិតផ្តួចផ្តើម BRI។
លោក Cui បានបញ្ជាក់ទៀតថា រាល់ការសម្រេចចិត្តធ្វើឡើងតាមរយៈ ក្របខណ្ឌគំនិតផ្តួចផ្តើម BRI ដែលរួមទាំងការរើសគម្រោងរហូតដល់ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ សុទ្ធតែឈរទៅលើការប្រឹក្សាយ៉ាងពេញលេញ រវាងគ្រប់ភាគីពាក់ព័ន្ធ ហើយគាំទ្រដោយការវាយតម្លៃហានិភ័យ និងការសិក្សាលើលទ្ធភាព វិនិយោគយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។
បើតាមទីក្រុងប៉េកាំងប្រទេសចំនួន ១២៦ហើយ ព្រមទាំងអង្គការអន្តរជាតិ ២៩ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ BRI ជាមួយនិងប្រទេសចិន ហើយទំហំពាណិជ្ជកម្មសរុបរវាងចិន និងបណ្តាប្រទេសជាដៃគូ BRI បានកើនលើសពី ៦ទ្រីលានដុល្លារ ខណៈការវិនិយោគរបស់ចិននៅក្នុងប្រទេសទាំងនេះ បានឡើងហួស ៨០ពាន់លានដុល្លារ និងបង្កើតការងាររាប់សែនកន្លែងផងដែរ។
គួរបញ្ជាក់ថា សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានបង្ហាញការកោតសើរ អំពីសារសំខាន់នៃគំនិតផ្តួចផ្តើម BRI សម្រាប់ពិភពលោកទាំងមូលផងដែរ។ វេទិកាខ្សែក្រវាត់ និងផ្លូវ នឹងត្រូវរៀបចំឡើងជាលើកទីពីរចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមេសានេះ នៅទីក្រុងប៉េកាំង៕