(កូឡុំបូ)៖ អនុរដ្ឋមន្ត្រីការពារជាតិស្រីលង្កាបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនបំផ្ទុះគ្រាប់បែកទាំង ០៩នាក់ គឺមានម្នាក់ជាស្រ្តី ខណៈចំនួនអ្នកស្លាប់ដែលបានកើនដល់ ៣៥៩នាក់ នោះមានជនបរទេសរហូតដល់ ៣៩នាក់ រីឯមនុស្ស ៦០នាក់ត្រូវបានចាប់ខ្លួនក្រោមការ ស៊ើបអង្កេតជុំវិញការវាយប្រហារបំផ្ទុះគ្រាប់បែកលើវិហារគ្រិស្ដ និងសណ្ឋាគារនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុនចំទិវា Easter របស់គ្រិស្តសាសនា ហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងតិច ០៨ករណី បានកើតមានឡើងនៅតាមព្រះវិហារគ្រិស្ត និងតាមសណ្ឋាគារ ក្នុងទីក្រុងមួយចំនួនរបស់ស្រីលង្កា ជាពិសេសនៅរដ្ឋធានីកូឡុំបូតែម្តង។ ការវាយប្រហារនេះក៏បានបង្កឱ្យមនុស្សខ្ទង់ ៥០០នាក់រងរបួសផងដែរ។
ក្រោយទទួលរងការវាយប្រហារដ៏អាក្រក់នេះ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេស ឲ្យស្ថិតក្នុងគ្រាអាសន្នថ្នាក់ជាតិ ដើម្បីព្យាយាមធានាសន្តិសុខនៅក្នុងប្រទេស។ បន្ថែមពីនេះ ប្រជាជនទាំងអស់ ក៏តម្រូវឲ្យរៀបចំទង់ស និងបង្ហាញភាពស្ងៀមស្ងាត់ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់រាប់រយនាក់ នៅក្នុងហេតុការណ៍វាយប្រហារ ភេរវកម្ម ដែលនាំឲ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនេះ។
គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា សកម្មភាពវាយប្រហារខាងលើគឺជាស្នាដៃរបស់ពួកគេ ខណៈរដ្ឋាភិបាលស្រីលង្កា ក៏បានបញ្ជាក់ដូចគ្នាថា ការវាយប្រហារនេះគឺបានកើតចេញពីការរៀបចំ របស់ក្រុមជ្រុលនិយមក្នុងស្រុក សហការជាមួយបណ្តាញភេរវករមកពីក្រៅប្រទេស។ បន្ថែមពីនេះ ទីភ្នាក់ងារអាមេរិក FBI មកដល់ស្រីលង្កាដើម្បីស៊ើបករណីបំផ្ទុះគ្រាប់បែក ហើយប្រធានាធិបតីស្រីលង្កាប្រកាសត្រៀម ដោះដូរតំណែងទ្រង់ទ្រាយធំ ក្នុងស្ថាប័នប៉ូលិស និងយោធា៕