(វ៉ាស៊ីនតោន)៖ យាន InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការស្ទាបស្ទង់ឃើញជាលើកដំបូងនូវបាតុភូតមួយ ដែលទំនងជាបាតុភូតរញ្ជួយដី នៅលើភពអង្គារ (Mars) ផ្ទាល់តែម្តង ប៉ុន្តែវាមិនបានបញ្ជាក់ថា ស្ថិតក្នុងកម្រិតណាឲ្យប្រាកដនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសរបស់អង្គការ NASA សញ្ញានៃកម្លាំងរំញ័រដែលមានកម្រិតខ្សោយ ត្រូវបានរកឃើញដោយឧបករណ៍ស្ទាបស្ទង់ផ្ទៃដីរបស់យាន InSight ហៅកាត់ថា SEIS កាលពីថ្ងៃទី០៦ ខែមេសា ដោយវាគឺជាថ្ងៃទី១២៨ ដែលយានមិនអាចផ្លាស់ទីបាននេះ (Lander) ស្ថិតនៅលើភពអង្គារ។ យ៉ាងណាមិញក្រុមអ្នកវិទ្យាសាស្រ្តនៅតែកំពុងបន្តពិនិត្យមើលលើទិន្នន័យ ដើម្បីធ្វើការកំណត់ឲ្យច្បាស់ថា អ្វីដែលបានបង្កឡើងនូវសញ្ញាគួរឲ្យចាប់អារម្មណ៍នោះ។
គួរជម្រាបថា ឧបករណ៍ SEIS ត្រូវបានយាន InSight ដាក់ទៅលើផ្ទៃរបស់ភពអង្គារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសិក្សាពីផ្ទៃផ្នែកខាងក្នុងរបស់ភពក្រហមនេះ ព្រោះអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចស្វែងយល់ពីរបៀបកកើតនៃភពថ្ម ដែលក្នុងនោះរួម មានទាំងផែនដីនិងព្រះច័ន្ទ៕