(ហុងកុង)៖ តុលាការទីក្រុងហុងកុង នៅថ្ងៃពុធនេះបានផ្តន្ទាទោស មេដឹកនាំចលនាគំាទ្រប្រជាធិបតេយ្យ “Occupy” សំខាន់ ០២រូប ដាក់ពន្ធនាគារម្នាក់ ១៦ខែ ពីបទបង្កចលាចលសាធារណៈ ក្នុងកំឡុងបាតុកម្មគំាទ្រលទ្ធិប្រជាធិបតេយ្យមួយ កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសវនាការនៅថ្ងៃពុធនេះ តុលាការទីក្រុងហុងកុងបានផ្ដន្ទាទោសសាស្ត្រាចារ្យច្បាប់ លោក ប៊ែននី តៃ (Benny Tai) អាយុ ៥៤ឆ្នាំ និងអ្នកសង្គមវិទ្យាចូលនិវត្តន៍ម្នាក់លោក ចាន់ គីនមែន (Chan Kin-man) អាយុ ៦០ឆ្នាំ ដាក់ពន្ធនាគារម្នាក់១៦ខែ។ ចំណែកឯ អតីតអាចារ្យគ្រិស្ដសាសនាលោក ជូ យុយមីង (Chu Yiu-ming) ទទួលបានការព្យួរទោស។
គួរបញ្ជាក់ថា អ្នកទាំងបីខាងលើត្រូវបានតុលាការរកឃើញថា បានសមគំនិតក្នុងការបង្កចលាចលសាធារណៈ ដោយការដឹកនាំបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ រយៈពេលជាង៩០ថ្ងៃនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៤។ ប៉ុន្តែ ពួកគេបានច្រានចោលរាល់ការចោទប្រកាន់៕