(តៃវ៉ាន់)៖ ការសម្រេចចិត្តរបស់ប្រធានក្រុមហ៊ុន Foxconn លោក ធែររី ហ្គោវ (Terry Gou) ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់ កំពុងបង្កភាពមិនច្បាស់នៃអនាគតរបស់ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាដ៏ធំសម្រាប់ទូរស័ព្ទដៃ iPhone ដែលនេះក៏អាចនឹងគំរាមកំហែងផងដែរ ដល់ទំនាក់ទំនងយូរអង្វែងជាមួយក្រុមហ៊ុន Apple។ នេះបើតាមក្រុមអ្នកជំនាញដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

មហាសេដ្ឋីតៃវ៉ាន់ដែលមានទ្រព្យសម្បតិ្តសរុប ៧.៦ពាន់លានដុល្លារ លោក Terry Gou បានប្រកាសឈរឈ្មោះប្រកួតប្រជែង ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្ស គូមីងតាង (Kuomintang) ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០ ជាមួយប្រធានាធិបតីបច្ចុប្បន្ន លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen)។ ប៉ុន្តែការសម្រេចចិត្តនេះត្រូវបាន អ្នកជំនាញដូចជាលោក ម៉ី ស៊ីនយូ (Mei Xinyu) មកពីវិទ្យាសា្ថនស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្មចិនយល់ថា នឹងបង្កភាពមិនច្បាស់នៃ អនាគតរបស់ក្រុមហ៊ុន Foxconn ជាពិសេសគឺការរើសអ្នកបន្តវេនពីលោក។

លើសពីនេះទៅទៀត ភាពមិនច្បាស់លាស់នេះ ក៏នឹងបង្កការគម្រាមកំហែងដល់ទំនាក់ទំនង រវាងក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Apple ខណៈទំនាក់ទំនងរវាងក្រុមហ៊ុនទាំង២នេះ​កំពុងចុះទន់ខ្សោយស្រាប់ ដោយសារតែការលក់របស់ Apple ធ្លាក់ចុះផ្ទុយពីការរំពឹងទុក។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Foxconn លោក Terry Gou នឹងត្រូវដកខ្លួនចេញពីការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន ប៉ុន្តែលោកនឹងនៅតែបន្តផ្ដល់យុទ្ធសាស្ត្រ និងសេចក្ដីណែនាំនានាដដែល៕