(កូឡុំបូ)៖ ចំនួនមនុស្សស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកក្រើក ប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យបានកើនដល់ ៣៥៩នាក់ហើយ ខណៈមនុស្សជិត ៥០០នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុនចំទិវា Easter របស់គ្រិស្តសាសនា ហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងតិច ០៨ករណី បានកើតមានឡើង នៅតាមព្រះវិហារគ្រិស្ត និងតាមសណ្ឋាគារ ក្នុងទីក្រុងមួយចំនួនរបស់ស្រីលង្កា ជាពិសេសនៅរដ្ឋធានីកូឡុំបូតែម្តង។

ក្រោយទទួលរងការវាយប្រហារដ៏អាក្រក់នេះ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេស ឲ្យស្ថិតក្នុងគ្រាអាសន្នថ្នាក់ជាតិ ដើម្បីព្យាយាមធានាសន្តិសុខនៅក្នុងប្រទេស។ បន្ថែមពីនេះ​ប្រជាជនទាំងអស់ ក៏តម្រូវឲ្យរៀបចំទង់ស និងបង្ហាញភាពស្ងៀមស្ងាត់ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់រាប់រយនាក់ នៅក្នុងហេតុការណ៍វាយប្រហារ ភេរវកម្ម ដែលនាំឲ្យភ្ញាក់ផ្អើល​ទូទាំងពិភពលោកនេះ។

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា សកម្មភាពវាយប្រហារខាងលើគឺជាស្នាដៃរបស់ពួកគេ ខណៈរដ្ឋាភិបាលស្រីលង្កា ក៏បានបញ្ជាក់ដូចគ្នាថា ការវាយប្រហារនេះគឺបានកើតចេញពីការរៀបចំ របស់ក្រុមជ្រុលនិយមក្នុងស្រុក សហការជាមួយបណ្តាញភេរវករមកពីក្រៅប្រទេស។ បន្ថែមពីនេះជនសង្ស័យ ៤០នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះម្នាក់ជាជនជាតិស៊ីរី៕