Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចង់ដាក់ឈ្មោះតំបន់ជម្លោះ Golan Heights តាមឈ្មោះលោក ដូណាល់ ត្រាំ ដើម្បីសម្តែងការអរគុណ (Video inside)

24-04-2019 10:43

(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា លោកនឹងដាក់ឈ្មោះតំបន់ ហ្គោឡេន ហេចស៍ (Golan Heights) តាមឈ្មោះរបស់លោក ដូណាល់ ត្រាំ ដើម្បីជាការអរគុណដល់ ប្រធានាធិបតីអាមេរិករូបនេះ ដែលបានទទួលស្គាល់តំបន់ជម្លោះជាទឹកដីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Netanyahu បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងដាក់ឈ្មោះតំបន់ Golan Heights តាមឈ្មោះលោកប្រធានាធិបតី ត្រាំ ជាការថ្លែងអំណរគុណដល់រូបលោក ដែលបានសម្រេចចិត្តជាប្រវត្តិសាស្ត្រ​ ទទួលស្គាល់តំបន់នេះជាទឹកដីរបស់អ៊ីស្រាអែល»។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមខ្លះបាននាំគ្នាចំអក និងខ្លះទៀតរិះគន់យ៉ាងខ្លាំងថា ការដាក់ឈ្មោះ និងទទួលស្គាល់តំបន់ Golan Heights ជាកម្មសិទ្ធិអ៊ីស្រាអែល​គឺជាទង្វើខុសច្បាប់ ហើយមានតែបង្កជម្លោះ​នៅក្នុងតំបន់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមីនាកន្លងទៅ បានប្រកាសទទួលស្គាល់តំបន់ Golan Heights នាឱកាសនៃការបំពេញទស្សនកិច្ចរបស់​លោក ណឺតាន់យ៉ាហ៊ូ នៅសហរដ្ឋអាមេរិក។ Golan Heights ត្រូវបានអ៊ីស្រាអែលរឹបអូសពីស៊ីរី ក្នុងសង្រ្គាមជាមួយបណ្ដាប្រទេសអារ៉ាប់​កាលពីឆ្នាំ១៩៦៧៕