(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពិសេសទៅដល់ទីក្រុង Khasan ជាប់ព្រំដែនប្រទេសរុស្ស៊ីហើយនៅព្រឹកថ្ងៃពុធនេះ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Vladivostok ដើម្បីជួបពិភាក្សាការងារ ជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
សារព័ត៌មានយ៉ុនហាប់ ផ្អែកលើសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបញ្ជាក់ទៀតថាលោក គីម អាចនឹង ចំណាយពេលជាង២០ម៉ោងដោយធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Vladivostok នៃភាគខាងកើតបំផុតប្រទេស រុស្ស៊ី។ ដោយឡែកជុំវិញដំណើរទស្សនកិច្ចនេះដែរ វិមានក្រឹមឡាំងក៏បានឱ្យដឹងដែរថាមេដឹកនាំទាំង២នឹងត្រូវជួបគ្នាក្នុងទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីប កូរ៉េ។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញមួយចំនួន លោក គីម ជុងអ៊ុន នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្វែងរកការគំាទ្រ ពីរុស្ស៊ី បន្ទាប់ពីជំនួបរវាងលោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ៕