(កូឡុំបូ)៖ ទីបំផុតបណ្តាញភេរវករ ISIS ដែលទើបតែបានស្ងប់ស្ងាត់បានមួយរយៈនោះ ទើបចេញមុខអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកនៅវិហារសាសនាគ្រិស្ត នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយបានឆក់យកជីវិតមនុស្ស ៣២១នាក់ និងប្រមាណ ៥០០នាក់របួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាល្ងាចថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
ការប្រកាសរបស់ក្រុមភេរវករ ISIS បានកើតមានឡើងបន្ទាប់ពីប្រមុខការពារជាតិ នៃប្រទេសស្រីលង្កា លោក រូវ៉ា វីហ្សេវ៉ាឌែន (Ruwan Wijewardene) បានអះអាងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនករណី នៅក្នុងប្រទេសដីកោះមួយនេះកាលពីថ្ងៃអាទិត្យ គឺត្រូវបានធ្វើឡើងក្នុងន័យសងសឹក ចំពោះករណីវាយប្រហារដ៏មហាប្រល័យ នៅឯព្រះវិហារអ៊ីស្លាមក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ដែលមានគោលដៅទៅលើជនមូស្លីមកាលពីពាក់កណ្តាលខែមីនា និងផ្តាច់ជីវិតមនុស្ស ៥០នាក់។
គួរបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក លើក្រុមអ្នកកាន់សាសនាគ្រិស្តនៅស្រីលង្កា កងកម្លាំងប៉ូលិសរបស់ប្រទេសដីកោះមួយនេះបានចាប់ខ្លួនជនសង្ស័យចំនួន ៤០នាក់ ដោយក្នុងនោះម្នាក់គឺជាជនជាតិស៊ីរី ហើយពួកគេទាំងអស់កំពុងស្ថិតនៅក្នុងការសួរចម្លើយ។ បន្ថែមពីនេះក្រោយការវាយប្រហារ រដ្ឋាភិបាលស្រីលង្កាក៏បានសន្និដ្ឋានទៀតដែរថា ក្រុមជ្រុលនិយមអ៊ីស្លាមក្នុងស្រុក National Tawheed Jamath ដែលមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករអន្តរជាតិ គឺជាអ្នកនៅពីក្រោយការបំផ្ទុះ គ្រាប់បែកទាំងនេះ៕