(លីប៊ី)៖ បេសកជនពិសេសរងអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោកស្រី ម៉ារៀ ដូ វ៉ាឡេ រីប៊ែរ៉ូ (Maria do Valle Ribeiro) បានស្នើឱ្យអង្គការសហប្រជាជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ នៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ ខណៈការវាយប្រយុទ្ធជុំវិញរដ្ឋធានីទ្រីប៉ូលី នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន អាល់ហ្សាហ្ស៊ារ៉ា (Al Jazeera) នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
ការវាយប្រយុទ្ធគ្នាបច្ចុប្បន្ននៅក្នុងប្រទេសលីប៊ី កំពុងបង្កព្រួយបារម្ភថា អាចនឹងមានជម្លោះទូទាំងប្រទេសផ្ទុះឡើង ក្រោយមេដឹកនាំរដ្ឋាភិបាលភាគខាងកើត លោកឧត្ដមសេនីយ ខាលីហ្វា អាហ្វតា (Khalifa Haftar) បានបញ្ជាកងកម្លាំងរបស់លោក វាយដណ្តើមយករដ្ឋធានីទ្រីប៉ូលី ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ្វាយែស អាល់សារ៉ាច (Fayez al-Sarraj) ដែលទទួលបានការគំាទ្រពី UN កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅ។
ដោយឡែកជុំវិញជម្លោះនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោកស្រី Maria បានលើកឡើងដូច្នេះថា «យើងទំនងជានឹងបានឃើញជម្លោះ បន្តកើតឡើងគ្រប់ពេលវេលា ចាប់ពីពេលនេះតទៅ ហើយវាក៏មិនងាយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះដែរ... ដូច្នេះហើយយើងចាំបាច់ត្រូវតែបង្កើនសកម្មភាពមនុស្សធម៌ និងឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងជម្លោះបច្ចុប្បន្ន»។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌នានាបានផ្ដល់ជំនួយដល់ប្រជាជនលីប៊ី ២១,០០០នាក់ ហើយកាលពី សប្ដាហ៍មុនការិយាល័យកិច្ចការមនុស្សធម៌របស់ UN ហៅកាត់ថា OCHA ក៏បានស្នើសុំថវិការ ១០.២លានដុល្លារផងដែរ
សម្រាប់កញ្ចប់ជំនួយមនុស្សធម៌រហូតដល់ថ្ងៃទី១៨ ខែឧសភា ខណៈប្រជាជនលីប៊ី ៣២,០០០នាក់បានរត់ភៀសខ្លួនពីជម្លោះ និងជាង ២៥៤នាក់បាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នា អស់រយៈពេលជិត ៣សប្ដាហ៍មកនេះ៕