(ម៉ានីល)៖ បើតាមទីភ្នាក់ងារឃ្លាំមើលហេតុការណ៍រញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS បានឲ្យដឹងថា នាថ្ងៃអង្គារនេះគ្រោះរញ្ជួយដីថ្មីមួយទៀត ជាមួយកម្រិត៦.៣រ៉ិចទ័របានអង្រួនភាគកណ្តាលហ្វីលីពីនវិញម្តង ខណៈកាលពីម្សិលមិញរញ្ជួយដីមួយទៀតកម្រិតជាង៦រ៉ិចទ័រ ទើបតែបានវាយលុកកោះភាគខាងជើងប្រទេស ដែលបានបង្កការបំផ្លិចបំផ្លាញមួយចំនួន និងមនុស្សស្លាប់កើនដល់១១នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press (AP) នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
គួរជម្រាបថា បើតាមទីភ្នាក់ងារ USGS ហេតុការណ៍រញ្ជួយផែនដីខាងលើនេះ បានកើតឡើងក្បែរតំបន់ Tutubigan លើកោះ Samar ភាគកណ្តាលប្រទេសហ្វីលីពីន នៅចម្ងាយរាប់រយគីឡូម៉ែត្រពីភាគអាគ្នេយ៍នៃតំបន់ ដែលបានរងការវាយប្រហារពី គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ កាលពីថ្ងៃចន្ទម្សិលមិញ។
ប្រទេសហ្វីលីពីនស្ថិតនៅលើតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលគ្រោះរញ្ជួយដីប្រមាណជា៩០ភាគរយតែងកើតមានឡើង។ គ្រោះរញ្ជួយដីដ៏អាក្រក់ចុងក្រោយគេ ដែលបានវាយប្រហារប្រទេសដីកោះនេះ គឺមានកម្រិត៧.១រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង២២០នាក់ នៅភាគកណ្តាលប្រទេសហ្វីលពីន កាលពីខែតុលា ឆ្នាំ២០១៣៕