(ស្រីលង្កា)៖ ស្ថានទូតចិនប្រចាំប្រទេសស្រីលង្កា បានចេញសារព្រមានមួយ ដល់ប្រជាជនរបស់ខ្លួន អំពីការធ្វើដំណើរទៅកាន់ប្រទេសដីកោះមួយនេះ បន្ទាប់ពីកើតមានការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់ជីវិតមនុស្សជិត ៣០០នាក់កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័ររបស់ស្ថានទូតចិន នៅក្នុងសប្ដាហ៍នេះ ប្រជាជនចិនទាំងអស់ក៏ត្រូវ បានគេផ្ដល់អនុសាសន៍ផងដែរ ឱ្យបញ្ចៀសការធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កាមួយរយៈសិនផងដែរ។ ចំណែកឯ ប្រជាជនចិនដែលកំពុងរស់នៅក្នុងប្រទេសនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាស្ថិតនៅឱ្យឆ្ងាយពីកន្លែងមានមនុស្សម្នាច្រើន និងតាមដានព័ត៌មានរបស់ស្ថានទូត រួមទាំងសារព័ត៌មានដទៃ ឱ្យបានដិតដល់។
គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែក ០៨លើក កាលពីថ្ងៃអាទិត្យក្នុងប្រទេសស្រីលង្កាបានផ្ដាច់ជីវិតមនុស្សជិត ៣០០នាក់ ក្នុងនោះរួមមានទាំងជនជាតិចិន និងជាង ៥០០នាក់ផ្សេងទៀតរងរបួស។ លើសពីនេះទៅទៀត សូម្បីតែសហរដ្ឋអាមេរិកក៏បានព្រមានពលរដ្ឋរបស់ខ្លួនដូចគ្នានេះដែរ ដោយបញ្ជាក់ថា ក្រុមភេរវករអាចដឹកនាំការវាយប្រហារជាថ្មីម្ដងទៀត៕