(ប៉ាឡេស្ទីន)៖ ក្រុមសម្ព័ន្ធអារ៉ាប់បានសន្យាថានឹងផ្ដល់ជំនួយ១០០លានដុល្លារក្នុងមួយខែ ដល់អាជ្ញាធរបាឡេស្ទីនដើម្បី ដោះស្រាយបញ្ហាកង្វះខាតកញ្ចប់ថវិការបង្កឡើងដោយការសម្រេចចិត្តកាត់ពន្ធប្រាក់ចំណូលដែលអ៊ីស្រាអែលប្រមូល សម្រាប់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
ការសន្យាផ្ដល់ជំនួយរបស់ក្រុមសម្ព័ន្ធអារ៉ាប់ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ នៅឯប្រទេសអេហ្ស៊ីប និងជាការឆ្លើយទៅនឹងការសម្រេចចិត្តកាត់បន្ថយពន្ធប្រាក់ចំណូលដែលអ៊ីស្រាអែលប្រមូលសម្រាប់ប៉ាឡេស្ទីន។ អ៊ីស្រាអែល កាលពីខែកុម្ភៈបានប្រកាសថាខ្លួននឹងរក្សាទុកប្រាក់១៣៨លានដុល្លារក្នុងមួយខែ ពីការប្រមូលពន្ធ និងការផ្ទេរទៅឱ្យ អាជ្ញាធរប៉ាឡេស្ទីន ក្រោមសន្ធិសញ្ញាក្រុង Oslo ឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៥ ហើយដែលការរក្សាទុកនេះអាចនឹងកើនដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា បើតាមភាគីអាជ្ញាធរប៉ាឡេស្ទីន ការសម្រេចចិត្តរបស់អ៊ីស្រាអែល គឺមានបំណងកាត់បន្ថយការចំណាយរបស់ អាជ្ញាធរប៉ាឡេស្ទីនទៅឱ្យប្រជាជនប៉ាឡេស្ទីនដែលត្រូវឃុំខ្លួន និងរងអំពើហិង្សាពីអ៊ីស្រាអែល៕