(ម៉ានីល)៖ មនុស្សយ៉ាងតិចចំនួន០៦នាក់បានបាត់បង់ជីវិត ក្រោយពីគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលបើតាមទីភ្នាក់ងារឃ្លាំមើលហេតុការណ៍រញ្ជួយដីនៃប្រទេសហ្វីលីពីនផ្ទាល់ Phivocls គឺមានកម្រិត៦.១រ៉ិចទ័រ (ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ថា៦.៤រ៉ិចទ័រ) បានវាយប្រហារកោះ Luzon ដែលជាដែនកោះធំរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើងប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
យោងតាមសេចក្តីរាយការណ៍ទាំងនោះ អគារមួយខ្នងកម្ពស់៤ជាន់នៅក្រុង Porac ក្នុងខេត្ត Pampanga ដែលស្ថិតនៅកណ្តាលកោះ Luzon ភាគខាងជើងរដ្ឋធានីម៉ានីល បានដួលរលំហើយសង្កត់លើមនុស្ស០៤នាក់ រីឯ០២នាក់ទៀត គឺបានបាត់បង់ជីវិតដោយសារការបាក់រលំជញ្ជាំងស៊ីម៉ង់ នៅក្រុង Lubao ក្នុងខេត្តជាមួយគ្នា។ យ៉ាងណាមិញ រដ្ឋាភិបាលហ្វីលីពីន មិនទាន់ឃើញ ចេញតួលេខផ្លូវការនៃមនុស្សរងគ្រោះឬមួយក៏ទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅឡើយទេ។ ប៉ុន្តែបើតាមរួូបភាពដែលចែកចាយនៅលើបណ្តាញសង្គម ហេតុការណ៍នេះទំនងជាបានបង្កឲ្យមានការបំផ្លិចបំផ្លាញមួយចំនួនផងដែរ។
គួរជម្រាបថា បើតាមទីភ្នាក់ងារ Phivocls គ្រោះរញ្ជួយផែនដីខាងលើ បានកើតឡើងនៅវេលាម៉ោង០៥៖១១នាទីល្ងាចថ្ងៃចន្ទនេះ នៅជម្រៅត្រឹម១២គីឡូម៉ែត្រក្រោមផ្ទៃដី ដោយចំណុចរំញ័ររបស់វាស្ថិតនៅចម្ងាយ០២គីឡូម៉ែត្រភាគឦសានក្រុង Castillejos ក្នុងខេត្ត Zambales ភាគខាងជើង។ ឥទ្ធិពលរបស់វាក៏បានជ្រាបដល់រដ្ឋធានីម៉ានីលផងដែរ ដែលជាហេតុបង្កឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង៕