(កូឡុំបូ)៖ នាថ្ងៃចន្ទនេះក្រុមភ្នាក់ងារដោះគ្រាប់បែកប្រទេសស្រីលង្កា បានរកឃើញនិងដោះគ្រាប់បែកមួយគ្រាប់ ដែលផ្ទុកក្នុងរថយន្តចតទុក ចោលមួយគ្រឿង នៅរដ្ឋធានីកុំឡុំបូ (Colombo)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
រថយន្តខាងលើត្រូវគេប្រទះឃើញនៅចម្ងាយត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ ពីវិហារគ្រិស្ត St. Anthony's Church ដែល ជាចំណុចរងការវាយប្រហារមួយ ក្នុងចំណោមទីតាំងចំនួន០៧ផ្សេងទៀតកាលពីវេលាព្រឹកនិងរសៀលថ្ងៃអាទិត្យ ដែលត្រូវបានគេបំផ្ទុះគ្រាប់បែកស្លាប់មនុស្សសរុបជិត ៣០០នាក់និងរបួសប្រមាណ៥០០នាក់។ ក្រោយត្រូវបានរកឃើញ គ្រាប់បែកមួយគ្រាប់ក្នុងរថយន្តនោះ ក៏ត្រូវបានក្រុមជំនាញបំផ្ទុះចោលដោយសុវត្ថិភាព។
នៅមុននេះប៉ូលិសស្រីលង្កា ក៏បានរកឃើញឧបករណ៍សម្រាប់បញ្ជាឲ្យ បំផ្ទុះគ្រាប់បែកកម្រិតស្រាលចំនួន៨៧គ្រឿងថែមទៀតផង នៅឯចំណងរថយន្តក្រុងមួយកន្លែងនៅតំបន់ Pettah នៃទីក្រុង Colombo ក្នុងអំឡុងពេលធ្វើប្រតិបត្តិការរុករក។ ចំណែកកាលពីល្ងាចថ្ងៃអាទិត្យ ក្រោយមានការផ្ទុះគ្រាប់បែកសរុប០៨លើក គ្រឿងផ្ទុះមួយទៀតក៏ត្រូវបានគេរកឃើញនៅក្បែរ អាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុង Katunayake ជាប់ក្រុង Negombo ដែលជាកន្លែងមួយទៀត ដែលមានការបំផ្ទុះគ្រាប់បែកដូចគ្នា។
អាជ្ញាធរស្រីលង្កាក៏បានដាក់ចេញនូវបម្រាមគោចរជាលើកទី២ សម្រាប់ប្រជាជនក្នុងទីក្រុង Colombo ផងដែរ ចាប់ពីម៉ោង០៨៖០០នាទីយប់ថ្ងៃចន្ទនេះ រហូតដល់ម៉ោង០៤ ៖០០នាទីព្រឹកថ្ងៃអង្គារស្អែក ស្របពេលដែលប្រធានាធិបតី លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) នឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថ្នាក់ជាតិ។
តែយ៉ាងណាមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយបានចេញមុខទទួលខុសត្រូវលើការវាយប្រហារទាំងនេះនៅឡើយទេ ខណៈជនសង្ស័យ២៤នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរស្រីលង្កាផ្ទាល់បានសន្និដ្ឋានថា គឹអាចមានពាក់ព័ន្ធនឹងបណ្តាញភេរវករ នៅឯបរទេស ហើយកំពុងតែបើកការស៊ើបអង្កេតនិងប្រតិបត្តិការរុករកយ៉ាងសកម្ម៕