(វ៉ាស៊ីនតោន)៖ របាយការណ៍ឯករាជ្យមួយបានសន្មត់ថា ទីភ្នាក់ងារអវកាសអាមេរិក NASA ពុំមានឱកាសក្នុងការបញ្ជូនមនុស្សឡើង ទៅកាន់ភពអង្គារ (Mars) នៅឆ្នាំ២០៣៣បានឡើយ ហើយពេលវេលាដែលឆាប់បំផុត ដើម្បីឲ្យអាចបេសកកម្មបែបនេះធ្វើទៅបាន គឺ យ៉ាងហោចណាស់ក៏នៅអំឡុងចុងទសវត្សរ៍ឆ្នាំ២០៣០ដែរ ពោលអាចនៅឆ្នាំ២០៣៧ឡើងទៅឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
របាយការណ៍ខាងលើត្រូវបានរៀបចំដោយ វិទ្យាស្ថានគោលនយោបាយវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាមេរិក STPI ក្រោមកិច្ចសន្យា របស់អង្គារ NASA និងចប់រួចរាល់កាលពីខែកុម្ភៈកន្លងទៅ។ បើតាមរបាយការណ៍ STPI មូលហេតុដែលបេសកកម្មបញ្ជូនមនុស្ស ទៅកាន់ភពអង្គារ នឹងមិនអាចសម្រេចទៅបាននៅឆ្នាំ២០៣៣ គឺដោយសារតែ ពេលវេលាដែលត្រូវប្រើប្រាស់សម្រាប់ការងារផ្សេងៗទៀត ជាពិសេសគឺគម្រោងសម្រាប់បេសកកម្មនៅឋានព្រះច័ន្ទ និងកិច្ចការនានាដើម្បីគាំទ្រដល់បេសកម្មបញ្ជូនមនុស្សទៅភពអង្គារ ។
យោងតាមការវិភាគរបស់ STPI បានបញ្ជាក់ថា ពេលវេលាសាកសម ដែលបេសកកម្មបញ្ជូនមនុស្សទៅភពអង្គារអាចធ្វើទៅរួច គឺយ៉ាងតិចនៅឆ្នាំ២០៣៧។ វិទ្យាស្ថាន STPI ក៏បានប៉ាន់ស្មានទំហំការចំណាយ សម្រាប់ការចេញបេសកកម្មលើកដំបូងនេះផងដែរ ដោយ ក្នុងនោះគិតបញ្ជូលទាំងការអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត Space Launch System, យាន Orion, ស្ថានីយ Gateway, យាន Deep Space Transport ជាដើម គឺប្រមាណ១២០.៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំសារពើពន្ធ២០៣៧ (ចុងខែកញ្ញា ឆ្នាំ២០៣៧)។
គួរជម្រាបថា របាយការណ៍របស់វិទ្យាស្ថាន STPI ត្រូវបានរៀបចំហើយរួចរាល់ មុនពេលប្រធានាធិបតីអាមេរិក លោក Mike Pence ប្រកាសអំពីការដាក់គោលដៅឲ្យ NASA នាំយកមនុស្សទៅដល់ផ្ទៃឋានព្រះច័ន្ទសាជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ ដែលមុនគម្រោងដើមរបស់ NASA ចំនួន ០៤ឆ្នាំ៕