(ស្រីលង្កា)៖ រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងថា ការផ្ទុះគ្រាប់បែកលើកទី៨ បានកើតឡើងនៅក្នុងរដ្ឋធានី Colombo បន្ទាប់ពីការផ្ទុះលើកទី៧ ត្រូវបានគេរាយការណ៍នៅឯតំបន់ Dehiwala ស្ថិតនៅជាយរដ្ឋធានីមួយនេះ និងក្រោយពីការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើកបានផ្ដាច់ជីវិតមនុស្សកើនដល់១៨៥នាក់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅមុននេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរស្រីលង្កា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ទាំង៦លើក បានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹកថ្ងៃអាទិត្យនេះ ចំពេលមនុស្សម្នាចូលរួមក្នុងពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។
ប៉ុន្តែការផ្ទុះលើកទី៧ និងទី៨នេះ មិនទាន់មានសេចក្ដីរាយការណ៍ថាបានបង្កការខូចខាត ឬជនរងគ្រោះនៅឡើយទេ៕