(ស្រីលង្កា)៖ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់នៅថ្ងៃអាទិត្យនេះ ដែលបានផ្ដាច់យកជីវិតមនុស្ស១៦០នាក់ និង៥០០នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter លោក Wickremesinghe បានលើកឡើងដូច្នេះថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការវាយប្រហារដ៏អាក្រក់លើប្រជាជនរបស់យើងនៅថ្ងៃនេះ...ហើយខ្ញុំសូមអំពាវនាវឱ្យប្រជាជនទាំងអស់រួបរួម សាមគ្គីគ្នាក្នុងពេលដ៏លំបាកនេះ ខណៈរដ្ឋាភិបាលកំពុងគ្រប់គ្រងស្ថានភាពឡើងវិញ និងតាមវែកមុខអ្នកនៅពីក្រោយ ការវាយប្រហារនេះ»។ ក្រៅតែពីលោក Wickremesinghe ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena ក៏បានថ្កោលទោសលើការវាយប្រហារនេះដែរ ជាមួយការស្នើឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរស្រីលង្កា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ខាងលើបានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ ចំពេលនៃពិធីបុណ្យគ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅ ទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។ ប៉ុន្តែភា្លមៗមិនទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ៕