Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកចាប់ខ្លួនអតីតទាហានម៉ារីនម្នាក់ សង្ស័យថាពាក់ព័ន្ធនឹងអង្គការចង់ផ្ដួលរំលំលោក គីម ជុងអ៊ុន

21-04-2019 10:36

(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានចាប់ខ្លួនអតីតទាហានម៉ារីនម្នាក់ ដែលជាសមាជិកក្រុមអង្គការមួយត្រូវបានចោទ ប្រកាន់ថាបានចូលលុកលុយក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីខែកុម្ភៈកន្លងទៅ ដើម្បីលួចព័ត៌មានសំខាន់ជាច្រើន។ នេះបើតាមប្រភពដឹងពីការចាប់ខ្លួននេះ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។​

សារព័ត៌មាន Reuters ផ្អែកលើប្រភពដដែល បានឱ្យដឹងទៀតថាអតីតទាហានម៉ារីនខាងលើឈ្មោះ Christopher Ahn ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហាញខ្លួននៅចំពោះតុលាការសហព័ន្ធក្នុងទីក្រុង ឡូស អាន់ជែលឡែស នៅថ្ងៃសុក្រ។ បន្ថែមពីលើនេះ អាជ្ញាធរអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ក៏បានចុះឆែកឆេរផ្ទះរបស់ជន ឈ្មោះ Adrian Hong ជាមេដឹកនាំអង្គការ Cheolima Civil Defense ដែលត្រូវបានចោទប្រកាន់ថាកំពុងព្យាយាម ផ្ដួលរំលំរបបដឹកនាំកូរ៉េខាងជើងរបស់លោក គីម ជុងអ៊ុនផងដែរ។ ប៉ុន្តែ ជនឈ្មោះ Hong មិនបាននៅក្នុងផ្ទះអំឡុង ពេលនៃការចុះឆែកឆេរនោះទេ រីឯក្រសួងយុត្តិធម៌អាមេរិកក៏មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយនៅឡើយដែរ។

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ជនប្រដាប់អាវុធ១០នាក់ ជាសមាជិកអង្គការ Cheolima Civil Defense ត្រូវបានរាយការណ៍ថាបានឆ្មក់ចូលស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងម៉ាឌ្រីដ ដោយបានលួចឯកសារមួយចំនួន និងចាប់បុគ្គលិកទូតកូរ៉េខាងជើងជាច្រើននាក់សួរចម្លើយ។ រីឯប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានចេញផ្សាយជាបន្តបន្ទាប់ ថាក្នុងចំណោមជនសង្ស័យទាំង១០នាក់ មានមនុស្សមួយចំនួនគឺមានទំនាក់ទំនងជា CIA អាមេរិក ប៉ុន្តែខាងទីក្រុង វ៉ាស៊ីនបានបដិសេធ៕