(ម៉ូស្គូ)៖ ក្រុមអ្នកវិភាគអន្តរជាតិលើវិស័យការពារជាតិបានអះអាងថា កងកម្លាំងទ័ពអ៊ីស្រាអែល F-16s ទំនងជាបានប្រើប្រាស់មីស៊ីលទំនើបថ្មីមួយ ដែលអាចទម្លុះ ប្រព័ន្ធការពារដែនអាកាស នៅក្នុងការវាយប្រហារតាមដែនអាកាសទៅលើទឹកដីស៊ីរី ដោយវាអាចគេចចេញពីប្រព័ន្ធចាប់សញ្ញា នៃប្រព័ន្ធការពារមីស៊ីល S-300 ដែលរុស្ស៊ីបំពាក់នៅស៊ីរីនោះបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញខាងលើបន្ថែមទៀត ប្រព័ន្ធមីស៊ីលថ្មីរបស់អ៊ីស្រាអែល ដែលមានឈ្មោះថា Rampage ត្រូវបានរចនាឡើង ដើម្បីគេចចេញពីមុខព្រួញរបស់ S-300 ដែលត្រូវបានដាក់ពង្រាយនៅស៊ីរី កាលពីខែតុលា ឆ្នាំ២០១៨។ Rampage អាចធ្វើការវាយប្រហារទៅលើទីតាំងជាច្រើនដូចជា លេនដ្ឋាន និងឃ្លាំងអាវុធផងដែរ។ ជាងនេះទៅទៀត អ៊ីស្រាអែលក៏ទើបធ្វើការបំពាក់ប្រព័ន្ធរ៉ុក្កែតសូពើសូនិក ដែលអាចវាយប្រហារ ពីផ្ទៃអាកាសទៅលើផ្ទៃដីជាលើកដំបូង បន្ទាប់ពីមានការចោទប្រកាន់ថា អ៊ីស្រាអែលបាន ធ្វើការវាយប្រហារអគារធំចំនួនមួយ និងអគារធម្មតាចំនួន ០៣ នៅក្នុងខេត្តហាម៉ា ប្រទេសស៊ីរី។
គួរបញ្ជាក់ថា ការបញ្ចេញអាវុធថ្មីរបស់អ៊ីស្រាអែលខាងលើនេះ គឺជាការឆ្លើយតបចំពោះ ការបង្កើនសមត្ថភាពការពារដែនអាកាស ដែលធ្វើឡើងដោយរុស្ស៊ីនៅស៊ីរី កាលពីខែតុលា ឆ្នាំ២០១៨ ហើយអ្នកជំនាញក៏បានសង្កត់ធ្ងន់ផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទឹកដីស៊ីរី គឺបានកើតមានឡើងក្រោយពីប្រទេសមជ្ឈិមបូព៌ាមួយនេះ ពិនិត្យរូបភាពដែលថតបានដោយប្រព័ន្ធផ្កាយ និងបានឃើញឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់ នៅលើទឹកស៊ីរី ហើយបន្ទាប់មកទើបមានការវាយប្រហារកើតឡើងតែម្តង៕