(គីងតាវ)៖ នៅក្នុងឱកាសនៃខួប ៧០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងទឹកប្រជាជនចិន អគ្គមេបញ្ជាការរងនៃកងទ័ពជើងទឹកលោក គុយ យ៉ាងផេង (Qiu Yangpeng) បានលើកឡើងថា កងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) គឺតែងតែជាកងទ័ពនៃសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការប្រារព្ធខួបនោះ លោក Qiu បានលើកឡើងចំពោះមុខកងទ័ពជើងទឹកយ៉ាងដូច្នេះថា «កងទ័ពជើងទឹករំដោះស្រាយប្រជាជនចិន គឺតែងតែជាកងកម្លាំងតំណាងឲ្យសន្តិភាព ហើយក៏មិនដែលទៅបង្កើតការគំរាមកំហែង ដាក់ប្រទេសណាមួយនោះដែរ...»។ ពិធីខួប ៧០ឆ្នាំខាងលើនេះ ក៏បានប្រព្រឹត្តទៅជាមួយនឹងពិធីផ្សេងៗទៀតផងដែរ ដើម្បីរំលឹកឡើងវិញពីវីរៈភាពនៃកងទ័ពជើងទឹក គោក និងអាកាស ដែលបានរួមគ្នាកសាង សន្តិភាព និងវិបុលភាពសម្រាប់ប្រទេសចិន ក៏ដូចជាសកលលោក។
គួរបញ្ជាក់ថា នាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងធ្វើទំនើបកម្មសព្វាវុធ និងបង្កើនការអំណាយរបស់ខ្លួន ទៅលើកងទ័ពគ្រប់វិស័យ ខណៈកងទ័ពជើងទឹកពេលនេះ គឺទទួលបានការបំពាក់បំប៉នសព្វាវុធ ជាពិសេសនាវាចម្បាំង នាវាដឹកយន្តហោះចម្បាំង និងនាវាមុជទឹកជាដើម ដោយចិនតែងតែអះអាងថា ដើម្បីកសាងសន្តិភាពនាវាចរក្នុងតំបន់ និងអន្តរជាតិ, បំពេញសកម្មភាពមនុស្សធម៌, ទប់ស្កាត់ចោរសមុទ្រ និងទប់ទល់អំពើភេរវកម្មតាមដែនសមុទ្រ៕