(អាមេរិក)៖ បន្ទាប់ពីបានបញ្ចេញរូបភាពពិតជាក់ស្តែង របស់ប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ឲ្យមនុស្សនៅទូទាំងពិភពលោកបានមើល ឃើញជាលើកដំបូងរួចហើយនោះ ក្រុមការងារនៃគម្រោងបណ្តាញតេឡេស្កូប EHT (Event Horizon Telescope) ថ្មីៗនេះបានបង្ហើបឲ្យដឹងទៀត ថា នាពេលឆាប់ៗខាងមុខ EHT នឹងអាចផលិតចេញជាឃ្លីបសកម្មភាពនៃប្រហោងខ្មៅនោះតែម្តង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។
កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារនៃគម្រោងផ្កាយរណប EHT បានបញ្ចេញរូបថតទីមួយដែលមិនធ្លាប់មានឡើយ នៃប្រហោងខ្មៅដ៏ធំមួយជាប្រភេទ Supermassive Black Hole ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ីឈ្មោះថា Messier 87 ឬ M87 ចម្ងាយជាង ៥០លានឆ្នាំពន្លឺពីភពផែនដីយើង។ ប្រហោងខ្មៅយក្សនេះមានម៉ាស ស្មើនឹងម៉ាសរបស់ព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដង ពោលធំខ្លាំងមែនទែន ដោយមាត់ច្រកពេលវេលារបស់វា (Event Horizon) ដែលជាផ្ទៃងងឹតពណ៌ខ្មៅនោះ លាតសន្ធឹងប៉ុន្មានប្រព័ន្ធសូឡារបស់យើងទាំងមូល ខណៈទំហំរបស់វាទាំងមូល (បូកទាំងកងភ្លើងព័ទ្ធជុំវិញ) គឺមានមុខកាត់ទំហំ ៦០ឆ្នាំពន្លឺឯណោះ។
គួរជម្រាបថា ប្រហោងខ្មៅរបស់កាឡាក់ស៊ី M87 ពុំមែនជាប្រហោងខ្មៅ Supermassive Black Hole តែមួយគត់ដែល EHT កំពុងអង្កេត និងសិក្សានោះឡើយ។ ក្រុមការងារ EHT ក៏បាននិងកំពុងសំឡឹងមើល Sagittarius A* ដែលជាប្រហោងខ្មៅយក្សនៅលាក់ពួន ចំកណ្តាលកាឡាក់ស៊ី Milky Way ដែលយើងស្ថិតនៅផងដែរ ហើយ EHT គ្រោងនឹងបញ្ចេញរូបភាពដំបូងរបស់ប្រហោងខ្មៅនោះ ក្នុងពេលឆាប់ៗផងដែរ។ Sagittarius A* មានទំហំតូចជាងប្រហោងខ្មៅរបស់ M87 ដល់ទៅ ១,០០០ដង ត្បិតវានៅជិតយើងជាងក៏ដោយ៕