(លីម៉ា)៖ តុលាការមួយនៅប្រទេសប៉េរូនាថ្ងៃសុក្របានបង្គាប់ឲ្យ អតីតប្រធានាធិបតី លោក Pedro Pablo Kuczynski ត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ស្របពេលដែលក្រុមរដ្ឋអាជ្ញានៃប្រទេសអាមេរិកឡាទីនមួយនេះ ត្រៀមរៀបចំដើម្បីចោទប្រកាន់បទពុករលួយប្រឆាំងទៅលើរូបលោក ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការទទួលសំណូកពីក្រុមហ៊ុនសំណង់ប្រេស៊ីល Odebrecht។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។
សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពីអតីតប្រធានាធិបតីប៉េរូម្នាក់ទៀតគឺ លោក Alan Garcia បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯ នៅពេលដែលប៉ូលិសបានទៅដល់មុខផ្ទះដើម្បីប្រុងនឹងចាប់ខ្លួនលោក ពាក់ព័ន្ធនឹងរឿងស៊ីសំណូកពីក្រុមហ៊ុន Odebrecht ដូចគ្នា ខណៈកន្លងមកលោក Garcia បានទាត់ចោលរឿងអាស្រូវពុករលួយនេះ ថាជាចេតនានយោបាយ។
គួរជម្រាបថា សរុបមកអតីតប្រធានាធីបតីប៉េរូចំនួន០៤រូបហើយ ព្រមទាំងមេបក្សប្រឆាំងលោក Keiko Fujimori ត្រូវបានតុលាការបង្គាប់ឲ្យដាក់ក្នុងពន្ធនាគារមុនពេលជំនុំជម្រះក្តី ដែលសុទ្ធតែពាក់ព័ន្ធនឹងរឿងស៊ីសំណូកពីក្រុមហ៊ុន Odebrecht គិតចាប់តាំងតែពីក្រុមហ៊ុនសំណង់របស់ប្រទេសប្រេស៊ីលនេះ បានសារភាពកាលពីចុងឆ្នាំ២០១៦ថា ខ្លួនបានសូកប៉ាន់លុយប្រមាណ៣០លានដុល្លារដល់អ្នកនយោបាយប៉េរូមួយចំនួន។
នៅក្រោមច្បាប់នៃប្រទេសប៉េរូ ជនសង្ស័យជាឧក្រិដ្ឋជនអាចត្រូវចាប់ខ្លួនដាក់ពន្ធនាគារបាន រហូតដល់រយៈពេល៣ឆ្នាំ ប្រសិនបើក្រុមរដ្ឋអាជ្ញាអាចបង្ហាញភស្តុតាងថា ពួកគេទាំងនោះទំនងជានឹងត្រូវរកឃើញថាមានទោសយ៉ាងពិតប្រាកដ ហើយប្រហែលជាអាចរត់គេចខ្លួនឬក៏បង្កភាពរាំងស្ទះដល់កិច្ចការស៊ើបអង្កេតលុះត្រាតែស្ថិតក្រោមការឃុំឃាំង៕