(ប៉ារីស)៖ មន្ត្រីជាន់ខ្ពស់ដែលកំពុងតែសកម្មក្នុងកិច្ចការងារស្តារ និងជួសជុលឡើងវិញនូវព្រះវិហារបុរាណ Notre-Dame អាយុកាលជាង ៨៥០ឆ្នាំ ដែលទើបត្រូវបានឆេះស្ទើរខ្ទេចខ្ទីនោះបានបញ្ជាក់ឲ្យដឹងថា គំនូរបុរាណដែលមិនអាចកាត់ថ្លៃបានជាច្រើន នឹងត្រូវយកចេញពីព្រះវិហារនេះយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញតាមដែលអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយ New York Times នាល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
មិនត្រឹមគំនូរបុរាណជាច្រើនរងការបំផ្លាញ និងខូចខាតនោះឡើយ សូម្បីតែរូបចម្លាក់ និងតឹកតាងប្រវត្តិសាស្ត្រជាច្រើនទៀត ក៏បានទទួលរងការបំផ្លិចបំផ្លាញផងដែរ ដោយសារតែភ្លើងឆេះ និងគំនរអគារឆេះធ្លាក់ពីលើជាដើម។ អគារព្រះវិហារបុរាណនៃសាសនាគ្រិស្ត-កាតូលិកនេះ ស្ថិតនៅទីក្រុងប៉ារីស គឺជាកន្លែងដែលទាក់ទាញភ្លៀវទេសចរចូលមកទស្សនាយ៉ាងហោចណាស់ ១២លាននាក់ក្នុងមួយឆ្នាំៗ។
គួរបញ្ជាក់ថា បើតាមមន្ត្រីជំនាញបារាំង ផ្ទាំងគំនូរធំៗនៅច្រកចូលដំបូងនៃអគារព្រះវិហារមិនមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែដោយសារតែស្ថានភាពឆាបឆេះបង្កជាផ្សែងភ្លើង និងការប្រើប្រាស់ទឹកបាញ់លើតួព្រះវិហារដើម្បីពន្លត់ភ្លើងនោះ ទើបគំនូរត្រូវតែយកចេញដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។ ដោយឡែកបារាំងក៏បានអះអាងផងដែរថា ខ្លួនទទួលបានជំនួយពីគ្រប់ទិសទីទូទាំងសកលលោក សរុបជិត១ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ការស្តារដួងព្រលឹងជាតិនេះឡើងវិញ៕