(ប៉េកាំង)៖ កាលពីថ្ងៃពុធប្រទេសចិនបានបើកសម្ពោធ មូលដ្ឋានសិប្បនិម្មិតនៃបេសកកម្មភពអង្គារ (Mars) នៅឯខេត្តកាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន China Daily នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។
មូលដ្ឋានខាងលើត្រូវបានសាងសង់ឡើងនៅតំបន់វាលខ្សាច់ ហ្គោប៊ី (Gobi) មានចម្ងាយប្រហែលជា ៤០គីឡូម៉ែត្រពីក្រុង ជីនឆាង (Jinchang) នៃខេត្ត Gansu ជាមួយគោលដៅបង្កើតនូវបរិស្ថានសិប្បនិម្មិតមួយ សម្រាប់ឲ្យយុវវ័យជំនាន់ក្រោយ ហើយនាពេលឆាប់ៗខាងមុខ គឺរួមទាំងភ្ញៀវទេសចរថែមទៀត ធ្វើការយល់ដឹងថា តើការស្នាក់នៅភពអង្គារអាចនឹងប្រព្រឹត្តទៅដោយរបៀបណា។
ស្ថានីយនេះដែលមានឈ្មោះថា Mars Base 1 គ្របដណ្តប់លើផ្ទៃដីទំហំ ៦៧គីឡូម៉ែត្រការ៉េ ហើយមានផ្នែកធំៗចំនួន ០៩ រួមមានបន្ទប់គ្រប់គ្រងកិច្ចការងារទូទៅ បន្ទប់ Airlock បន្ទប់ស្នាក់នៅ និងបន្ទប់ផ្ទះកញ្ចក់ Greenhouse ជាដើម។
គួរជម្រាបថា ប្រទេសចិនមានមហិច្ឆតាចង់បញ្ជូនយានរុករកមួយគ្រឿង ឲ្យទៅសិក្សាស្រាវជ្រាវនៅលើភពអង្គារនៅឆ្នាំ២០២០ និងបេសកកម្មជាច្រើនទៀតនៅទីអវកាស ខណៈបេសកកម្មនៅឋានព្រះច័ន្ទទទួលបានជោគជ័យធំៗច្រើនមកហើយ៕